អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ការអំពាវនាវមិនឱ្យពលរដ្ឋទៅបោះឆ្នោតគឺជាការរារាំង ឬទប់ស្កាត់ពលរដ្ឋមិនឱ្យទៅបោះឆ្នោត ទង្វើនេះជាបទល្មើសក្នុងច្បាប់បោះឆ្នោត


(ភ្នំពេញ)៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានអះអាងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះថា ការអំពាវនាវមិនឱ្យពលរដ្ឋទៅបោះឆ្មោត គឺជាការរារាំង ឬទប់ស្កាត់ពលរដ្ឋមិនឱ្យទៅបោះឆ្នោត ដែលទង្វើនេះជាបទល្មើសក្នុងច្បាប់បោះឆ្នោត។

លោក គឹម សន្តិភាព បានលើកឡើងនេះថា ការអំពាវនាវកុំឱ្យពលរដ្ឋប្រើប្រាស់គ្រឿងញៀន ជាការរារាំង និងទប់ស្កាត់មិនឱ្យពលរដ្ឋប្រើប្រាស់គ្រឿងញៀន ដែលអំពើរារាំងនេះពុំមែនជាបទល្មើសនោះទេ ព្រោះគ្មានច្បាប់ចែង។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា៖ «រីឯការអំពាវនាវកុំឱ្យពលរដ្ឋទៅបោះឆ្នោត ក៏ជាការរារាំង និងទប់ស្កាត់ពលរដ្ឋមិនឱ្យទៅបោះឆ្នោតផងដែរ តែអំពើរារាំងនេះ គឺជាបទល្មើសដែលមានចែងក្នុងច្បាប់ ត្រង់មាត្រា១៤២ នៃច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលកំណត់ផាកពិន័យជាប្រាក់ពី៥លាន ទៅ២០លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត! តែបើការរារាំងនេះមានភ្ជាប់ជាមួយនូវអំពើហឹង្សា ឬគំរាមគំហែង នោះជាអំពើល្មើសបន្ថែមទៀត ដែលកំណត់ឱ្យផ្តន្ទាទោសក្នុងច្បាប់ព្រហ្មទណ្ឌជាពិសេសក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា!»

លោកបានបន្តទៀតថា «ហេតុនេះ ការរារាំងពលរដ្ឋមិនឱ្យទៅបោះឆ្មោត គឺជាបទល្មើសដែលមានច្បាប់ចែងច្បាស់លាស់ទាំងក្នុងច្បាប់បោះឆ្នោត និងច្បាប់ព្រហ្មទណ្ឌ ត្រង់ថាអនុវត្តតាមច្បាប់ណាជាក់ស្តែង គឺអាស្រ័យលើសកម្មភាពនៃអំពើរារាំងនោះតែប៉ុណ្ណោះ!»