ភ្នំពេញ៖ អភិបាលខេត្តរតនគីរី បានបញ្ជាក់ថា ពលរដ្ឋមិនទាន់រងផលប៉ះពាល់ ដោយសារការបាក់ទំនប់វារីអគ្គិសនីទេ។ ការបញ្ជាក់របស់អភិបាលខេត្តនេះ ធ្វើឡើងបន្ទាប់ពីហេតុការណ៍បាក់ទំនប់វារីអគ្គិសនីនៅភាគខាងត្បូងឡាវ បានបណ្ដាលឲ្យមនុស្សស្លាប់ និងរាប់រយនាក់បាត់ខ្លួនតាមទឹក។
ឯកឧត្តម ថង សាវុន បានបញ្ជាក់ថា ទីតាំងទំនប់វារីអគ្គិសនីនៅក្នុងខេត្ត Attapeu ប្រទេសឡាវនេះ មានចម្ងាយឆ្ងាយពីខេត្តរតនគីរី ប្រទេសកម្ពុជា ដូច្នេះវាមិនបង្កឲ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឡើយ។ ម្យ៉ាងវិញទៀត ទឹកទំនប់វារីអគ្គិសនី ដែលហូរមកនេះ វានឹងធ្លាក់ទៅតាមទន្លេសេសាន ទៅកាន់ប្រទេសជាប់ឡាវ ច្រើនជាងកម្ពុជា។ នេះជាការបញ្ជាក់ពីព័ត៌មានបឋមរបស់អភិបាលខេត្តរតនគីរី។
ហេតុការណ៍បាក់ទំនប់វារីអគ្គិសនី បានកើតឡើងនៅរាត្រីថ្ងៃទី២៣ ខែកក្កដា នៅក្នុងខេត្ត Attapeu ។ ទឹកចំនួន៥ពាន់លានម៉ែត្រគីប ត្រូវបានហូរចេញពីទំនប់ ដែលសម្លាប់មនុស្សជាច្រើន និងរាប់រយនាក់ទៀតបានបាត់ខ្លួន។ នេះបើតាមការផ្សាររបស់ទីភ្នាក់ងារព័ត៌មាន AFP ។
វារីអគ្គិសនីនេះសាងសង់ដោយក្រុមហ៊ុន Xe Pien-Xe Namnoy Power Company ។ ផ្ទះជាច្រើនខ្នងនៅផ្នែកខាងក្រោមបានលិចលង់ និងបោកយកទៅតាមចរន្តទឹក ខណៈអាជ្ញាធរបានបើកប្រតិបត្តិការជួយសង្គ្រោះផង៕