ឯកឧត្តម សុខ ឥសាន បានថ្លែងថា អ្នកនិយាយថា ថ្ងៃបោះឆ្នោត ជាការបញ្ចុះសពប្រជាធិបតេយ្យកម្ពុជា គឺផ្ទុយពីការពិត


អ្នកដែលបានលើកឡើងថា នៅថ្ងៃបោះឆ្នោតជាថ្ងៃ ដែលបញ្ចុះសព លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា គឺជាការប្រកាន់និន្នាការនយោបាយ និងកាន់ជើងអតីតគណបក្ស ប្រឆាំង តែប៉ុណ្ណោះ ដែលនេះផ្ទុយពីការពិតទាំងស្រុង។

ការលើកឡើងរបស់ ឯកឧត្តម សុខ ឥសាន បែបនេះបន្ទាប់ពីមានការចុះផ្សាយ ពីវិទ្យុអាស៊ីសេរី នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨ថា “ក្រុមអង្គការសង្គមស៊ីវិលអន្តរជាតិ៤ បានរកឃើញថា មិនចំពោះថារបបសម្ដេចតេជោ ហ៊ុន សែន ធ្វើឲ្យការរៀបចំការបោះឆ្នោតខាងមុខ មើល ទៅដូចជា មានប្រជាធិបតេយ្យយ៉ាងណានោះទេ ប៉ុន្តែការពិតគឺអ្វីៗ ដែលកំពុងរៀបចំនេះ ជាឆាកល្ខោនតែប៉ុណ្ណោះ ព្រោះការបោះឆ្នោតខាងមុខគ្មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ នោះឡើយ ព្រោះប្រៀបបីដូចជាការបញ្ចុះសពប្រជាធិបតេយ្យ”។

ឯកឧត្តម សុខ ឥសាន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ថា “ការនិយាយរបស់គាត់ដែលផ្ទុយទៅនឹងការពិតជាក់ស្ដែងហ្នឹងវាជាការបង្ហាញ ឲ្យឃើញនូវនិន្នាការនយោបាយ ការមានមតិ មានចរិកនយោបាយហើយនយោបាយផ្អៀង ទៅរកអតីតបក្សប្រឆាំង”។

ឯកឧត្តមបន្តថា នេះជាការចូលការប្រកួត ប្រជែងមនោគមវិទ្យា នៅលើពិភពលោក ព្រោះអង្គការ សង្គមស៊ីវិលទាំងនោះ សុទ្ធតែជាអាយ៉ងរបស់ពួកសេរី ទើបពួកគេនិយាយអ្វីក៏កាន់ជើង ពួកសេរីដូចគ្នាដែរ។ ពួកទាំងនោះ បានមកបន្ទាបបន្ថោកលទ្ធិប្រជាធិបតេយ្យ ដែលជាការ ផ្ទុយទៅនឹងការពិតទាំងស្រុង។

អ្នកនាំពាក្យបក្សកាន់ អំណាចអះអាងថា កន្លងមកក្រុមអង្គការទាំងនោះ បានចោទប្រកាន់ មកលើរដ្ឋាភិបាលកម្ពុជាថា បានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរនោះ គឺកម្ពុជាមិនបានរំលោភ ឡើយ តែផ្ទុយទៅវិញ ក្រុមអង្គទាំងនោះទេ ដែលជាអ្នករំលោភសិទ្ធិមនុស្ស ព្រោះកម្ពុជាមាន សុខសន្តិភាពពេញលេញ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ក្រុមអង្គការទាំងនោះ បានត្រឹមតែនិយាយ តែការនិយាយនោះ មិនមាន ប្រសិទ្ធភាពអ្វីមកគ្របដណ្ដប់លើសតិ អារម្មណ៍ប្រជាជនកម្ពុជានោះទេ ព្រោះប្រជា​ជនកម្ពុជា បាននឹងកំពុងស្ថិតនៅក្នុងដំបូសន្តិភាព មានស្ថេរភាពនយោបាយ ជីវភាពល្អប្រសើរ សង្គមវប្បធម៌ នយោបាយកំពុង មានការអភិវឌ្ឍទៅមុខដោយរលូន៕