ឯកឧត្តម ផៃ ស៊ីផាន ថា “ការស្នើនេះខុសទិសដៅ នៃដែនសមត្ថកិច្ច ការស្នើនេះមាននិន្នាការ នយោបាយជាជាងការ ចូលរួមក្នុងកិច្ចពង្រឹងនីតិរដ្ឋ”


ភ្នំពេញ ៖ អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ផៃ ស៊ីផាន បានលើកឡើងថា អង្គការ ឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) បានស្នើឲ្យអាជ្ញាធរកម្ពុជា ដោះលែងអ្នកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ គឺមាននិន្នាការនយោបាយ ប៉ុន្តែមិនធ្វើឲ្យប៉ះ ពាល់ដល់ រាជរដ្ឋាភិបាលទេ ។

យោងតាមការចេញផ្សាយរបស់វិទ្យុបារាំង នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ថា “អង្គការ ឃ្លាំមើលសិទិ្ធមនុស្ស បានចេញសេចក្ដីថ្លែងការណ៍ មួយដោយស្នើឲ្យអាជ្ញាធរកម្ពុជា ទម្លាក់ ចោលការផ្តន្ទាទោសលើអ្នកស្រី ទេព វន្នី និងដោះលែងសកម្មជនដីធ្លី ដ៏លេចធ្លោម្នាក់ នេះ ដោយគ្មានលក្ខខណ្ឌ ។ ការទទួចជាថ្មីទៀតរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិមួយនេះ គឺធ្វើឡើង នៅគ្រាដែលអ្នកស្រី ទេព វន្នី បានជាប់ពន្ធនាគារអស់រយៈពេល២ឆ្នាំហើយ ពោលនៅសល់តែ ៦ខែទៀតប៉ុណ្ណោះនឹងត្រូវរួចទោស” ។

ឯកឧត្តម ផៃ ស៊ីផាន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៤ សីហាថា “ការស្នើនេះខុសទិសដៅ នៃដែនសមត្ថកិច្ច ការស្នើនេះមាននិន្នាការ នយោបាយជាជាងការ ចូលរួមក្នុងកិច្ចពង្រឹងនីតិរដ្ឋ” ។

ឯកឧត្តមបន្តថា ដំណើរយុត្តិធម៌របស់តុលាការ គឺជាស្ថាប័នមួយឯករាជ្យដាច់ដោយឡែក ពីរាជរដ្ឋាភិបាល ហើយមានអំណាចតាមផ្លូវច្បាប់ ដូច្នេះការស្នើនេះមិនមានអ្វីជះ ឥទ្ធពល មកលើរាជរដ្ឋាភិបាលទេ ។ លោកថា ការស្នើនេះ ក៏គ្រាន់តែចង់បំផ្លាញ ដំណើរការយុត្តិធម៌ នៅកម្ពុជាតែប៉ុណ្ណោះ គ្មានបានផលប្រយោជន៍ដល់កម្ពុជាទេ ។

ឯកឧត្តមបន្ថែមថា ការសម្រេចចិត្តបង្គាប់ឲ្យរាជរដ្ឋាភិបាល ដោះលែងអ្នកទោស ដោយឥត លក្ខខណ្ឌ គឺជាភាសាព្រៃ មិនមែនជាភាសាអ្នកច្បាប់ទេ ។

សូមរំលឹកថា អ្នកស្រី ទេព វន្នី ត្រូវបានអាជ្ញាធរចាប់ខ្លួន កាលពីខែសីហា ឆ្នាំ២០១៦ ក្នុងពេល ដែលអ្នកស្រីធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ទាមទារឲ្យដោះលែងមន្ត្រីអាដហុក៤រូប និងមន្ត្រី គ.ជ.ប ១រូប រួមទាំងជំរុញឲ្យរាជរដ្ឋាភិបាល វែកមុខរកអ្នកនៅពីក្រោយការបាញ់សម្លាប់ លោក កែម ឡី ។

អ្នកស្រីទេព វន្នី ក៏ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ៦ខែ ពីបទ”ប្រមាថ អ្នករាជការសាធារណៈ និងបទប្រឆាំងនឹងអ្នករាជការសាធារណៈ មានស្ថានទម្ងន់ ទោស” ប្រព្រឹត្តនៅចំណុចមុខសាលារាជធានីភ្នំពេញ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីថ្ងៃ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១១ តាមមាត្រា៥០២និងមាត្រា៥០៤ នៃក្រមព្រហ្មទណ្ឌ ៕