ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ព្រមានចំពោះអ្នកនិយាយថា កម្ពុជាមានរដូវកាលចាប់ និងដោះលែងទណ្ឌិត


(ភ្នំពេញ)៖ អ្នកនាំគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨នេះ បានព្រមានចំពោះ អ្នកនិយាយថា នៅកម្ពុជាមានរដូវកាលចាប់ឃុំឃាំង និងរដូវកាលដោះលែងជាចេតនាដាក់បន្ទុក មកលើរាជរដ្ឋាភិបាលរៀបចំផែនការ។

ការលើកឡើងរបស់អ្នកនាំពាក្យរូបនេះបន្ទាប់ពីមានមតិមួយចំនួនបានលើកឡើងថា នៅកម្ពុជាដល់រដូវដោះលែង បន្ទាប់ពីមានការដោះលែងអ្នកទោសមួយចំនួន ដូចជាអតីតសកម្មជនបក្សសង្គ្រោះជាតិ អ្នកនយោបាយ អ្នកសារព័តមាន សកម្មជនដីធ្លី នាថ្មីៗនេះ។

អ្នកនាំពាក្យគណបក្សកាន់អំណាច បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការចាប់ជនល្មើស និងការដោះលែងទណ្ឌិតគ្មានរដូវកាលនោះទេ»។ ឯកឧត្តមសុខ ឥសាន្ត បានបញ្ជាក់ឲ្យដឹងថា «អ្វីទៅជារដូវចាប់ និងរដូវដោះលែង។ តាមការពិតជាក់ស្តែងនៅកម្ពុជា ក៏ដូចជានៅតាមបណ្តាប្រទេសលេីពិភពលោក ការចាប់ចង និងការដោះលែងជនល្មេីសច្បាប់ គ្មានរដូវទេ ឲ្យតែពេលណាប្រព្រឹត្តល្មើសច្បាប់ខុសច្បាប់ នោះជន ល្មេីសច្បាប់នឹងត្រូវចាប់ខ្លួនជាមិនខាន»។

ឯកឧត្តមបានបន្តថា ចំណែកការដោះលែងជនជាប់ចោទ និងទណ្ឌិត ក៏ដូច្នេះដែរ គ្មានរដូវកាលទេ វាអាស្រ័យលេីសាច់រឿងរបស់សាមីជន និងករណីនីមួយៗ។ ដូច្នេះការដែលនិយាយថា មានរដូវចាប់ និងរដូវដោះលែងនោះ ហាក់ដូចជាមានចេតនាចោទថា ជាផែនការចាប់ចង និងដោះលែងដោយមិនផ្អែកលេីបញ្ហាបទល្មេីស និងនីតិវិធីរបស់ស្ថាប័នតុលាការទាល់តែសោះ។ ហេតុនេះ មុននឹងនិយាយស្តី សូមស្នេីអ្នកដែលមានសិទ្ធិនិយាយមេត្តាពិចារណាផង កុំចេះតែពឺតទាំងមិនដឹងខ្យល់នោះ។

សូមបញ្ជាក់ថា នាថ្មីៗនេះ ព្រះមហាក្សត្រ តាមសំណើសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដោះលែងសមាជិកបក្សប្រឆាំង១៤រូបខាងលើ។ ក្រៅពីនោះ អ្នកនយោបាយ អ្នកវិភាគនយោបាយ សកម្មជនដីធ្លី រួមទាំង អតីតអ្នកសារព័ត៌មានមួយចំនួនទៀត ដែលត្រូវចាប់ខ្លួនក្នុងពេលប្រព្រឹត្តបទល្មើស កាលពីអំឡុងឆ្នាំ២០១៦ និង២០១៧ កន្លងទៅនេះ ក៏ត្រូវបានដោះលែងឱ្យមានសេរីភាពផងដែរ។

ក្នុងនោះមាន លោក មាជ សុវណ្ណារ៉ា, លោក អ៊ុំ សំអាន, លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ, លោក គឹម សុខ អ្នកភាគនយោបាយ និងសង្គម, សកម្មជនដីធ្លី សហគមន៍បឹងកក់ អ្នកស្រី ទេព វន្នី, អតីតអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីទាំង២រូប គឺលោក អ៊ួន ឈិន ​និងលោក​ ​យាង សុធារិន​ ​ហៅ ​យាង​ សុជាមេត្តា ជាដើម។

អ្នកនយោបាយ និងអ្នក​វិភាគ រួមទាំងអ្នកលេងបណ្តាញសង្គម Facebook មួយចំនួន បានសម្តែងការសាទរចំពោះការដោះលែងជនទាំងនោះ ហើយចាត់ទុកថា ការដោះលែងឱ្យមានសេរីភាពនេះ ជាការធ្វើឱ្យបរិយាកាសនយោបាយ នៅក្នុងប្រទេសកម្ពុជា មានភាពប្រសើរឡើងមួយកម្រិតទៀត៕