នៅទីស្តីការក្រសួងបរិស្ថាន រសៀលថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង សម្រាប់គម្រោងបង្កើតរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង នៅលើផ្ទៃដីទំហំ ១៥ហិកតា ដែលមានទីតាំងស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានសិក្សាវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា សាស្ទីណាត៍ ហ្គ្រីន។
កិច្ចប្រជុំនេះ មានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធក្នុងក្រសួងបរិស្ថាន តំណាងក្រសួងពាក់ព័ន្ខ រដ្ឋបាលរាជធានីភ្នំពេញ មន្ទីរបរិស្ថានរាជធានីភ្នំពេញ តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា សាស្ទីណាត៍ ហ្គ្រីន។
កិច្ចប្រជុំនេះ បានសម្រេចលទ្ធផលសំខាន់ៗដូចខាងក្រោម៖
១.សូមកោតសរសើរដល់ម្ចាស់គម្រោងដែលបានចូលរួមអភិវឌ្ឍប្រទេសជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល
២.សូមឱ្យក្រុមហ៊ុនយកចិត្តទុកដាក់គ្រប់គ្រងសំណល់រឹង-រាវនៅក្នុងទីតាំងគម្រោងឱ្យបានល្អ ស្របតាមវិធានដែលក្រុមហ៊ុនទីប្រឹក្សាបានលើកឡើងនៅក្នុងរបាយការណ៍នេះ ជាពិសេសការត្រួតពិនិត្យសារធាតុគីមីនៅក្នុងសំណល់ភក់ដែលអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ
៣.សូមទទួលយកមតិយោបល់របស់ក្រុមការងារអន្តរក្រសួង ដែលផ្តល់យោបល់ឱ្យបង្កប់ទុយោរនៅក្រោមស្ពានទី៧ ជៀសវាងជីកផ្តាច់ផ្លូូវជាតិលេខ៦អា ដើម្បីបង្កប់ទុយោរឆ្លងកាត់
៤.សូមឱ្យក្រុមហ៊ុនទីប្រឹក្សាបញ្ចូលបន្ថែមក្របខ័ណ្ឌច្បាប់ដែលពាក់ព័ន្ធ និងលុបចេញនូវក្របខ័ណ្ឌច្បាប់មួយចំនួនដែលមិនពាក់ព័ន្ធចេញ
៥.សូមឱ្យម្ចាស់គម្រោងពង្រីកការផ្តត់ផ្គង់ និងចែកចាយទឹកដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់គម្រោងផង
៦.សូមឱ្យម្ចាស់គម្រោងគិតគូរអំពីការពង្រីកផ្លូវនាពេលអនាគត នៅពេលបង្កប់ទុយយោទឹក
៧.សូមឱ្យម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាកែសម្រួលរបាយការណ៍ឡើងវិញ តាមមតិយោបល់របស់ក្រុមការងារនៃនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងក្រុមការងារដែលមានវត្តមាននៅក្នុងកិច្ចប្រជុំអន្តរក្រសួងនេះ។