នាយករដ្ឋមន្រ្ដី ប្រាប់អ្នកប្រើប្រាស់ហ្វេសប៊ុក ថា កម្ពុជាអត់មាន វិបត្តផ្ទៃក្នុងទេ មានតែ កឹម សុខា ត្រូវតុលាការកាត់ទោស


សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ទៅកាន់អ្នកប្រើប្រាស់ បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ថា ប្រទេសកម្ពុជាពុំមាន វិបត្ដិផ្ទៃក្នុងនោះទេ គឺមានតែមេដឹកនាំគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកាត់ទោស។
អ្នកប្រើប្រាស់ហ្វេសប៊ុកមានឈ្មោះ ថា Ekareach Thach បានចូលទៅខមមែន ក្នុងទំព័រហ្វេសប៊ុក សម្ដេចតេជោ នៅរសៀលថ្ងៃទី១៧ ខែកញ្ញានេះ ថា” សម្តេចជាទីគោរពរាប់អានខ្ញុំ នៅកម្ពុជាក្រោម តែងតាមដានជាប់ជានិច្ចនៅ ព្រឹត្តិការណ៍ពីប្រទេសកម្ពុជា ហើយក៏តែងតែដឹងច្បាស់ថាយួន វាកំពុងមើលងាយ សម្តេច រឿងសមុទ្រចិនខាងកើត”។
អ្នកលេងហ្វេសប៊ុកដដែល បានសរសេរបន្ដ ថា”វា(វៀតណាម)ឃើញសម្តេចនឹងសម រង្ស៉ី កឹមសុខា មិនត្រូវគ្នាយ៉ាងនេះ វា(វៀតណាម)សប្បាយចិត្តណាស់។ តើសម្តេចអាចចាប់ដៃគ្នា ទាំង៣នាក់ ដោះស្រាយវិបត្តិ ផ្ទៃក្នុងរវាងអ្នកដឹកនាំខ្មែរ អោយខ្មែរបានធូរស្រាល ស្ថានភាពបច្ចុប្បន្នបានទេសម្តេច។ ម្ខាងមានទ័ព ម្ខាងមានប្រជាជន អញ្ចឹញយើងរួមគ្នា កសាងជាតិអោយរុងរឿងឡើងចុះ កុំអោយបរទេស វាមើលងាយ ថាខ្មែរឈ្លោះតែគ្នា”។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានឆ្លើយតបទៅកាន់ អ្នកប្រើប្រាស់គណនីហ្វេសប៊ុក ដែលមានឈ្មោះ Ekareach Thach ថា “កម្ពុជាអត់មានវិបត្តផ្ទៃក្នុងទេ មានតែ កឹម សុខា ត្រូវតុលាការកាត់ទោស”។ សម្ដេចតេជោបានបញ្ជាក់បន្ថែម ថា “លោកនិយាយថាម្ខាង មានទ័ពមានម្ខាងមានប្រជាជន គឺខុសហើយ”។ សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានពន្យល់ទៀត ថា “ធម្មតាបក្សកាន់រដ្ឋាភិបាល មានប្រជាជនគាំទ្រ ច្រើនជាងបក្សប្រឆាំង។ រដ្ឋាភិបាលមានទាំងប្រជាជន មានទាំងកម្លាំងប្រដាប់អាវុធ ទើបរក្សាសន្តិភាពឱ្យប្រទេសបាន”។