ពិធីចុះហត្ថលេខាលើសេចក្ដីព្រាងរបាយការណ៍នៃគម្រោងសិក្សារៀបចំប្រព័ន្ធកំពង់ផែEDI (Electronic Data Interchange)


ថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើសេចក្ដីព្រាងរបាយការណ៍នៃគម្រោងសិក្សារៀបចំប្រព័ន្ធកំពង់ផែEDI ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួង ដោយមានការចូលរួមពី មន្ត្រីជាន់ខ្ពស់ក្រសួង ក្រុមការងារបេសកកម្មជប៉ុន អង្គការJICA និងភាគីពាក់ព័ន្ធផងដែរ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននាឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីអត្ថប្រយោជន៍នៃប្រព័ន្ធកំពង់ផែEDI ដែលរួមមាន៖ កាត់បន្ថយការចំណាយពេលវេលារបស់កប៉ាល់ ក្នុងការចេញចូលកំពង់ផែ លុបបំបាត់ការចំណាយក្រៅផ្លូវការកុំឱ្យមានការជួបគ្នារវាងអ្នកផ្តល់សេវានិង អ្នកទទួលសេវា ទំនើបកម្មកំពង់ផែកម្ពុជាស្របតាមកំពង់ផែទាំងឡាយនៅលើសាកលលោកដែលអាច ទាក់ទាញឱ្យកប៉ាល់នានាចេញចូលបានច្រើនជំរុញដល់ការលូតលាស់សេដ្ឋកិច្ចជាតិបានឆាប់រហ័ស។