លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បន្តចុះថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជា និងកម្លាំងប្រជាការពារភូមិនៅឃុំគោកព្រីង ស្រុកស្វាយជ្រំ ក្រោយឈ្នះឆ្នោត


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកា គណៈអចិន្រ្តៃយ៍នៃគណៈកម្មការកណ្តាល គណបក្ស ប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានដឹកនាំក្រុមការងារចុះថ្លែងអំណរគុណដល់កងកងកម្លាំងសមត្ថកិច្ច និងប្រជាការពារភូមិព្រមទាំងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅឃុំគោកព្រីងស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ព្រឹកថ្ងៃអាទិត្យ ៧រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៨ ។

ថ្លែងក្នុងឱកាសនោះលោកជំទាវក៏បានពាំនាំនូវការសាកសួរសុខទុកពីសំណាក់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនដល់អង្គពិធី ហើយក៏បានកោតសសើរ និងថ្លែងអំណរគុណដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានិងកងកម្លាំងប្រជាការពារទាំងអស់ដែលបានសហការជាមួយកម្លាំងសមត្ថកិច្ចមូលដ្ឋាន ដែលបានខិតខំការពារសន្តិសុខ បានយ៉ាងល្អក្នុងពេលបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ក៏ដូចការពារសន្តិសុខសណ្តាប់ធ្នាប់បានយ៉ាងល្អនៅមូលដ្ឋាន ក៏ដូចជាកិច្ចដំណើរការ​នៃការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តអាណតិ្តទី៦ ដែលក្នុងនោះគណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈដ៏ច្រើនលើសលប់ក្នុង អាណ្តិទី៦នេះរហូត១២៥អាសនៈ។

លោកជំទាវបានបញ្ជាក់ថា ជ័យជំនះទាំងនេះកើតចេញអំពី៖ ទី១. ការចូលរួមរបស់បងប្អូនទាំងអស់គ្នា ទី២. គណបក្ស ប្រជាជនកម្ពុជាមានគោលនយោបាយច្បាស់លាស់ ១១ចំណុច ដែលបានបម្រើឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ តាមរយៈ អភិក្រម មនុស្ស ផ្លូវ ទឹក ភ្លើង ជាដើម ។ល។ ទី៣. អំពើល្អ និងប្រជាប្រិយភាពរបស់ថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ទាំងក្នុងឆាកជាតិ និងឆាកអន្តរជាតិ ។

លោកជំទាវបានបន្តទៀតថា អាណាត្តិទី៦នេះ យើងត្រូវរួមគ្នាអភិវឌ្ឍប្រទេសឲ្យកាន់តែរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀតព្រមទាំង ទាក់ទាញអ្នកវិនិយោគ បង្កើតជារោងចក្រ សហគ្រាសជាច្រើនទៀតឲ្យមករកសុីនៅខេត្តខេត្តស្វាយរៀង ដើម្បីអោយប្រជាពលរដ្ឋមានការងារធ្វើកាត់បន្ថយ ភាពក្រីក្រ បង្កើនជីវភាព បានមួយកំរិតបន្ថែមទៀត។

លោកជំទាវក៏បានសូមសំណូមពរឲ្យអាជ្ញាធរក៏ដូចជាកម្លាំងសមត្ថកិច្ចនៅមូលដ្ឋាននិងប្រជាការពារទាំងអស់ត្រូវរួមគ្នាធ្វើអំពើល្អ និងត្រូវបម្រើសេវាសាធារណៈឲ្យបានល្អ និងត្រូវ យកចិត្តទុកដាក់ថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ រក្សាសណ្តាប់ធ្នាប់ សន្តិសុខសង្គម នៅក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើង ហើយក៏ត្រូវទប់ស្កាត់ឲ្យបាននូវបងតូច បងធំ និងទប់ស្កាត់នូវការចរាចរ និងការប្រើប្រាស់គ្រឿងញៀន ដើម្បីសេចក្តីសុខនៅក្នុងមូលដ្ឋានក្នុងនោះត្រូវអនុវត្ត គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឱ្យទទួលបានជោគជ័យ។សូមបញ្ជាក់ថានៅក្នុងពិធីនេះក៏មានចាប់ឆ្នោតយករង្វាន់ជូនដល់សមាជិកសមាជិការនិងកម្លាំងប្រជាការពារភូមិផងដែរ។