ឯកឧត្តម សុខ ឥសាន បានឲ្យដឹងថា បេក្ខជន តំណាងរាស្ត្រ ជារដ្ឋមន្ត្រី អាចនឹង លាលែង ពីសមាជិកសភា


ភ្នំពេញ៖ សមាជិករដ្ឋសភារបស់ គណបក្ស ប្រជាជនកម្ពុជា(ប្រ.ជ) មួយចំនួនជាប់ឆ្នោត ដែលមានតួនាទីក្នុងជួររាជ រដ្ឋាភិបាលនឹង ប្រកាសលាលែង ពីតំណែងក្រោយប្រកាស សុពលភាពរួចរាល់ ។ នេះបើអ្នកនាំពាក្យ គណបក្សប្រជាជន កម្ពុជា ឯកឧត្តម សុខ ឥសាន។

រដ្ឋសភានឹងបើកសម័យប្រជុំ លើកដំបូងនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ព្រះករុណា សម្តេចព្រះ នរោត្តម បរមនាថ សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម សុខ ឥសាន បានឲ្យដឹងកាលពីថ្ងៃទី៣ កញ្ញា ថា “យើងមិនទាន់ដឹងទេពេលនេះ ។ សមាសភាពនឹងដឹងប្រហែល ជាល្ងាចថ្ងៃទី៥ ឬព្រឹកថ្ងៃទី៦ កញ្ញា។ យើងមិនអាចទម្លាយបាន ព្រោះយើងមិនទាន់ដឹងទេ”។

ឯកឧត្តមឲ្យដឹងថា សមាជិកសភា មួយចំនួនដែលកំពុង បំរើការងារនៅក្នុងជួររាជរដ្ឋាភិបាល បានលុបចេញ និងបានលាលែង ពីតួនាទី ហើយអ្នកដែលឡើងតាម លំដាប់លេខរៀង ត្រូវជំនួសជាបន្តបន្ទាប់។

អ្នកនាំពាក្យបញ្ជាក់ថា “លើកលែងតែមានឯកឧត្តម មួយចំនួនដែលជាសមាជិករាជរដ្ឋា ភិបាល ហើយគាត់លាលែងពី តំណែង ទើបអ្នកដែលមានលេខរៀងបន្ទាប់ត្រូវទទួល តំណែងបន្ត”។

ជាមួយគ្នានោះដែរ លោក សុខ ឥសាន ក៏បានឲ្យដឹងថា រដ្ឋមន្ត្រីដែលជាប់ជាសមាជិករដ្ឋសភាអាចនឹងលាលែង ពីតំណែងជាសមាជិកសភា ទៅធ្វើជាសមាជិករាជរដ្ឋាភិបាលវិញ ក្រោយ ប្រកាសសុពលភាពរួច។

សូមជម្រាបថា រដ្ឋមន្ត្រីស្ទើរគ្រប់ក្រសួង បានជាប់ជាបេក្ខជនអ្នកតំណាងរាស្ត្រ សម្រាប់ការបោះឆ្នោត ជ្រើសតាំងអ្នក តំណាងរាស្ត្រអាណត្តិទី៦ រដ្ឋសភា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងមក ៕