សម្តេចអគ្គមហាពញាចក្រី ហេងសំរិន បានអនុញ្ញាតអោយលោក កឺ ឈួនបាវ នាយកប្រតិបត្តិក្រុមហ៊ុន សៀងហៃ គួស៊ីគ្រុប ខេត្តចំាងស៊ូ ព្រមទំាងសហការី ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា


នៅព្រឹកថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៨នេះ សម្តេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតអោយលោក កឺ ឈួនបាវ នាយកប្រតិបត្តិក្រុមហ៊ុន សៀងហៃ គួស៊ីគ្រុប ខេត្តចំាងស៊ូ ព្រមទំាងសហការី ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភា។

សម្តេចអគ្គ មហាពញាចក្រី ហេងសំរិនបានជម្រាបជូនលោកនាយកប្រតិបត្តិសៀងហៃ គួស៊ីគ្រុប ខេត្តចំាងស៊ូ ព្រមទំាងសហការី ថា ប្រទេសកម្ពុជាបច្ចុប្បន្ន មានសុខសន្តិភាព ស្ថិរភាព នយោបាយល្អ និងមានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចល្អប្រសើរ។ ទិសដៅតែមួយគត់ ដែលកម្ពុជាកំពុងធ្វើ គឺ ជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច ឲ្យបានខ្លាំងក្លា។ រាជរដ្ឋាភិបាល បានចាត់ទុក វិស័យឯកជន ជាដៃគូរដ៏មានសក្តានុពល ដើម្បីជួយជម្រុញការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។

សម្តេចបានបញ្ចាក់ថាទំាងរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងជម្រុញលើកទឹកចិត្តចំពោះវិនិយោគផ្ទាល់ ពីបរទេសលើគ្រប់វិស័យ ហើយទទួលបានការចាប់ អារម្មណ៍ និងការគាំទ្រ ដោយមានក្រុមហ៊ុនធំៗ ពី បរទេសជាច្រើន បាន និងកំពុងអនុវត្តផែនការវិនិយោគ របស់ពួកគេ៕