សម្តេច សាយ ឈុំ៖ «រយៈពេល៧ខែ នៃឆ្នាំ២០១៦នេះ ទំនាក់ទំនងកម្ពុជា-ជប៉ុន កាន់តែរីកចម្រើន ទាំងវិស័យរដ្ឋ និងវិស័យឯកជន»


(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្នុងរយៈពេល ៧ខែ នៃឆ្នាំ២០១៦កន្លងមកនេះ ទំនាក់ទំនង កម្ពុជា-ជប៉ុន កាន់តែរីកចម្រើន និងកាន់តែសកម្មទាំង វិស័យរដ្ឋ និងវិស័យឯកជន  ហើយប្រជាជនជប៉ុនដែលមករស់នៅកម្ពុជា និងអ្នកទេសចរជប៉ុន មានកាន់តែច្រើនឡើង។ ដោយឡែកការហោះហើរត្រង់ ជារៀងរាល់ថ្ងៃពីទីក្រុងតូក្យូ មករាជធានីភ្នំពេញ របស់ក្រុមហ៊ុន អាកាសចរណ៍ជប៉ុន ANA ដែលចាប់ផ្តើមពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ កន្លងមកនេះ នឹងកាន់តែជំរុញឲ្យមានការផ្លាស់ប្តូរ ទំនាក់ទំនងទាំងវិស័យរដ្ឋ និងវិស័យឯកជន មានការកើនឡើងគួរឲ្យកត់សម្គាល់។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់បែបនេះ ខណៈសម្តេច បានអនុញ្ញាត ឲ្យឯកអគ្គរាជទូតជប៉ុន លោក គូម៉ាម៉ារូ យូជិ (YUJI KUMAMARU)  ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦។
បន្ថែមពីលើនេះ សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ថា ក្នុងអាណត្តិបេសកកម្មរបស់ឯកអគ្គរាជទូត នៅកម្ពុជាចាប់ពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៦នេះ បានធ្វើឲ្យកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អ រវាងប្រជាជននិងប្រទេសទាំងពីរកាន់តែរីកចម្រើន ប្រកបដោយលទ្ធផលល្អប្រសើរ។  ជាពិសេស សម្តេច ប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះសមិទ្ធផលធំៗ ចំនួនបី ដែលជាស្នាដៃដ៏ល្អ ប្រសើរ របស់ ឯកអគ្គរាជទូត និងឆ្លុះបញ្ចាំឲ្យឃើញកាន់តែច្បាស់អំពីនិមិត្តរូបនៃចំណងមិត្តភាពដ៏រឹងមាំរវាងកម្ពុជា-ជប៉ុន គឺ (១)ការតម្លើងកម្រិតទំនាក់ទំនង កម្ពុជា-ជប៉ុន ទៅជាដៃគូយុទ្ធសាស្រ្តតាំងពីខែធ្នូ ឆ្នាំ ២០១៣ (២)ការសម្ពោធដាក់ឲ្យប្រើប្រាស់ស្ពានត្សឹបាសា នាខែមេសា ឆ្នាំ២០១៥ និង (៣) ការហោះហើរត្រង់ពីទីក្រុងតូក្យូមកទីក្រុងភ្នំពេញ របស់ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន ANA កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ កន្លងមកនេះ ។
ជាការឆ្លើយតប លោក គូម៉ាម៉ារូ យូជិ បានថ្លែងអំណរគុណ ចំពោះសម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាលពេលវេលាដ៏មានតម្លៃ អនុញ្ញាតឲ្យលោក ចូលជួបសម្តែងការគួរសម និងជម្រាបលានាពេលនេះ។ ឯកអគ្គរាជទូត បានកត់សម្គាល់ថា ក្នុងអំឡុងពេលបេសកកម្មការទូតរបស់ឯកឧត្តម នៅកម្ពុជា លោកទទួលបានជោគជ័យក៏ដោយសារមានការគាំទ្រពីសម្តេចប្រធាន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និង គ្រប់ស្ថាប័នជាតិ ដែលជំរុញឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុនមានការរីកចម្រើន ជាពិសេសមានការផ្លាស់ប្តូរគណៈប្រតិភូ ជាន់ខ្ពស់គ្រប់កម្រិតទៅវិញទៅមក និងធ្វើឲ្យកម្ពុជា បានក្លាយទៅជាដៃ គូយុទ្ធសាស្ត្រ របស់ប្រទេសជប៉ុន។
សម្តេច សាយ ឈុំ ក៏បានអំពាវនាវថា ទោះបី លោក គូម៉ាម៉ារូ យូជិ បញ្ចប់បេសកកម្មការទូតនៅកម្ពុជា ទៅបំពេញបេសកកម្មនៅកន្លែងថ្មីក៏ដោយ សូមឯកអគ្គរាជទូតបន្តជួយជំរុញឲ្យមានកំណើនវិនិយោគ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងអ្នកទេសចរជប៉ុន មកកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត ជាពិសេសឲ្យមានការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនឡើងថែមទៀត។ សម្តេច ប្រធានព្រឹទ្ធសភា ក៏បាន ជូនពរដល់ ឯកអគ្គរាជទូត បំពេញភារកិច្ចថ្មី នៅកន្លែងថ្មីទទួលបានជោគជ័យ និងប្រសិទ្ធពរឲ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរកម្ពុជា-ជប៉ុន ស្ថិតស្ថេរ ចីរភាព ហើយកាន់តែរីកចម្រើន និងរឹងមាំឡើងថែមទៀត៕