ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ចូលរួមក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្តីពី ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ជំនាន់ទី២


ទីស្តីការក្រសួងបរិស្ថាន ព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល និងចែកជូននូវវិញ្ញាបនបត្រ ដល់សិក្ខាកាមចំនួន៧៦នាក់ ដែលបានបញ្ចប់ការសិក្សាប្រកបដោយជោគជ័យ ក្នុងវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ជំនាន់ទី២ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការវ័យក្មេង ដែលបានប្រឡងជាប់ក្របខណ្ឌថ្មី របស់ក្រសួងបរិស្ថាន ឱ្យមានមូលដ្ឋានគ្រឹះ និងចំណេះដឹង ចំណេះធ្វើ ការងារគ្រប់គ្រងវិស័យបរិស្ថាន និងដើម្បីឆ្លើយតបនឹងការកែទម្រង់លើវិស័យបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជាទំពាំងស្នងឬស្សីដើម្បីរួម ចំណែកអនុវត្តការងាររបស់ក្រសួង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត ឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ និងដើម្បីបំពេញបេសកកម្មឱ្យក្រសួង និងមន្ទីរប្រែក្លាយទៅជារដ្ឋបាលទំនើបក្នុងអាណត្តិថ្មីនេះ។

នាឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជំរុញ និងលើកទឹកចិត្តដល់មន្រ្តីវ័យក្មេងចេះប្រែក្លាយឱកាស ដើម្បីអភិវឌ្ឍខ្លួន និងចាប់យកការបំពាក់បំប៉នស្មារតី និងគោលជំហរ ដើម្បីក្លាយជាមន្ត្រីល្អ និងមានភាព ជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាព។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកពីការធ្វើទំនើបកម្មថ្មីក្នុងអាណត្តិថ្មីនេះ ធ្វើយ៉ាងណា ដើម្បីឆ្លើយតបនឹងការកែទម្រង់លើវិស័យបណ្ដុះបណ្ដាលធនធានមនុស្សដល់មន្រ្តីថ្មី និងមន្រ្តីបានបំរើការងារយូហើយបន្ថែមទៀត ដែលជាទំពាំងស្នងឬស្សីក្នុងការរួម ចំណែកអនុវត្តការងាររបស់ក្រសួងបរិស្ថាន ជាពិសេសការសិក្សាស្វែងយល់ ក៏ដូចជាការអនុវត្តការងារលើវិស័យបរិស្ថាន និងអភិវឌ្ឍប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគតឱ្យទទួលបានប្រសិទ្ធ ភាព និងប្រសិទ្ធផលខ្ពស់។

ឯកឧត្តម សឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា នេះជាការបើកវគ្គបណ្តុះបណ្តាលជំនាន់ទី២ នៅក្នុងឆ្នាំ២០១៨នេះ សម្រាប់វគ្គបណ្ដុះបណ្ដាលស្ដីពី “ការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ” (ជំនាន់ទី២) មាន(រយៈពេល២០ថ្ងៃ) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែសីហា ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ដល់មន្ត្រីរាជការដែលប្រឡង ក្របខណ្ឌឆ្នាំ២០១៧ សរុបចំនួន៧៦ នាក់ ដែលមានប្រធានបទ ចម្បងចំនួន៨ប្រធានបទ ប្រធានបទរងចំនួន៣៨ប្រធានបទ សុទ្ធសឹងតែជាការ ងារស្នូលរបស់ក្រសួងបរិស្ថាន ទាំងមូល រួមមាន៖ ការរៀបចំផែនការថវិកា នីតិវិធីលទ្ធកម្ម កិច្ចដំណើរការ ហិរញ្ញវត្ថុ ការធ្វើសវនកម្មផ្ទៃក្នុង ការធ្វើអធិការកិច្ច ការគ្រប់គ្រងគុណភាពខ្យល់ សម្លេង ទឹក សំណល់រឹង សារធាតុគ្រោះថ្នាក់ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ការធ្វើអធិការកិច្ចបំពុលនិងការពង្រឹង ការអនុវត្ត ច្បាប់ ការគ្រប់គ្រងតំបន់ការពារធម្មជាតិដីគោក ដីសើមទឹកសាប ការអភិរក្សមុទ្រ តំបន់ឆ្នេរ ការគ្រប់គ្រងសហគមន៍ ការគ្រប់គ្រងបេតិកភណ្ឌ ការអភិវឌ្ឍតំបន់ទេសចរណ៍ធម្មជាតិក្នុងតំបន់ការពារធម្មជាតិ ការគ្រប់គ្រងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍសេដ្ចកិច្ចបៃតង វិទ្យាសាស្ត្រនិងបច្ចេកទេស ការគ្រប់គ្រង ជីវៈចម្រុះ ជីវសុវត្ថិភាព ការងារសេវាកម្ម ព័ត៌មានភូមិសាស្ត្រ ការងារអប់រំបរិស្ថាន ការគ្រប់គ្រងព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន ក្របខណ្ឌការផ្ដល់រង្វាន់លើកទឹកចិត្ត វិធីសាស្ត្រឆ្លើយតបទៅនឹងប្រព័ន្ធព័ត៌មានវិទ្យា និងការបំពាក់បំប៉នស្មារតី និងគោលជំហររបស់សិក្ខាកាមទាំងអស់ ដើម្បីក្លាយជាមន្ត្រីល្អ និងមានភាពជាអ្នកដឹកនាំ។ យ៉ាងណាមិញ លទ្ធផលទទួលបានខាងលើ ត្រូវបានចាត់ទុកជាកាតាលីករ ជម្រុញ ក្នុងការសម្រេចគោលដៅ នៃការកសាងនិងអភិវឌ្ឍន៍ធនធានមនុស្សដោយជោគជ័យ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយជាអតិបរមាលើភាពខ្វះចន្លោះរវាងធនធានមនុស្សផងដែរ៕