ឯកឧត្តមវេង សាខុន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអចិន្រ្តៃយ៍ ប្រកាសសមាសភាពថ្នាក់ដឹកនាំ និងបែងចែកតួនាទី ភារកិច្ចជូនឯកឧត្តមថ្នាក់ដឹកនាំក្រសួង


នៅទីស្តីការក្រសួង នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តមវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអចិន្រ្តៃយ៍ ប្រកាសសមាសភាពថ្នាក់ដឹកនាំ និងបែងចែកតួនាទី ភារកិច្ចជូនឯកឧត្តមថ្នាក់ដឹកនាំក្រសួង។
មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្រ្តីសូមចូលរួមអបអរសាទរចំពោះថ្នាក់ដឹកនាំដែលត្រូវបានព្រះមហាក្សត្រត្រាស់ បង្គាប់តែងតាំងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការដើម្បីបម្រើឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាណត្តិទី៦ នៃរាជរដ្ឋាភិបាល។ លោកបានបញ្ជាក់បន្ថែមថា សមាសភាពថ្នាក់ដឹកនាំភាគច្រើនជាសមាសភាពចាស់ ប៉ុន្តែតួនាទី ភារកិច្ច គោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលគឺពិតជាថ្មីដែលទាមទារឲ្យយើងមានគំនិត ឆន្ទះនិងយុទ្ធសាស្រ្តថ្មីៗថែមទៀតដើម្បីផ្លាស់ប្តូរ កែលម្អឲ្យបានប្រសើរឡើងរួចឈានទៅសម្រេចនូវគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ពិសេសឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលចង់ប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ២០៣០។ សម្រេចបានចក្ខុវិស័យនេះចាំបាច់ត្រូវ យកចិត្តទុកដាក់ខ្ពស់អនុវត្តឲ្យខាងតែបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន គឺទី១-ត្រូវបង្កើនការយកចិត្តទុកដាក់រាល់សកម្មភាពការងារទាំងឡាយណាដែលផ្តល់ប្រយោជន៍ សេចក្តីសុខចម្រើន សុខសុវត្ថិភាព សេចក្តីថ្លៃថ្នូរ ភាពសម្បូរសប្បាយ សុភមង្គល និងកិត្តិយសដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ ទី២-ម្ចាស់សំឡេងឆ្នោតកំពុងរង់ចាំជំនួយពីយើងគ្រប់រូបភាព គ្រប់ពេលវេលា គ្រប់កាលៈទេសៈ ត្រូវយកអស់កំលាំងកាយ ចិត្ត ស្មារតី ធនធាន រួមទាំងបច្ចេកទេសផងដែរដើម្បីជួយដោះស្រាយនូវរាល់បញ្ហាដែលពួកគាត់កំពុងប្រឈមធ្វើយ៉ាងណាជួយសម្រួលដល់ស្ថានភាពជីវភាព ធានាសន្តិសុខស្បៀង និងកាត់បន្ថយភាពក្រីក្រតាមរយៈការបង្កើននិងពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ធានាដល់សុខសុវត្ថិភាពនៅមូលដ្ឋានឲ្យបានល្អប្រសើរ សកម្ម ទូលំទូលាយ និងទាន់ពេលវេលា។
ចំពោះវិស័យកសិកម្មសម្រាប់អាណត្តិទី៦ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តាំផ្ញើនិងណែនាំដល់ថ្នាក់ដឹកនាំក្រសួងឲ្យបង្កើនការយកចិត្តទុកដាក់ និងយកស្មារតីទទួលខុសត្រូវអនុវត្តគោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម (២០១៩-២០២៣) ឲ្យ សម្រេចបានជោគជ័យស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាល ដែលគោលនយោបាយអភិវឌ្ឍទាំងនោះរួមមាន៖ ទី១.បន្តគាំទ្រការលើកកម្ពស់ និងជំរុញការ អភិវឌ្ឍវិស័យកសិកម្ម ដើម្បីធានាសន្តិសុខស្បៀង និងអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ផលិតភាព ពិពិធកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។ ទី២.ជំរុញការអនុវត្តកសិកម្មប្រកបដោយស្ថិរភាព និងមានភាពធន់ទ្រាំនឹងការប្រែ ប្រួលអាកាសធាតុ។ ត្រូវផ្សព្វផ្សាយអំពីការអនុវត្តកសិកម្មល្អទាំងក្នុងវិស័យផលិតកម្មសត្វ និងសុខភាពសត្វ និងវិស័យជលផលដើម្បីធានាឲ្យមានការផ្លាស់ប្តូរ និងត្រូវធ្វើឲ្យប្រសើរឡើងដល់ការកំណត់ ការគ្រប់គ្រងហានិភ័យធម្មជាតិ និងការផ្លាស់ប្តូរលក្ខខណ្ឌអាកាសធាតុនៅគ្រប់កម្រិត។ ទី៣.ត្រូវអនុវត្តរាល់ វិធានការដើម្បីកាត់បន្ថយការថមថយនៃគុណភាពដី ការប្រើប្រាស់ដីគ្មាននិរន្តរភាព និងធ្លាក់ចុះប្រព័ន្ធអេកូឡូស៊ី។ អង្គភាពជំនាញត្រូវបន្តខិតខំរៀបចំកំណត់តំបន់ដាំដុះឲ្យបានសមស្របតាមប្រភេទដំណាំនិងទិសដៅប្រើប្រាស់យូរអង្វែង។ ទី៤. ជំរុញនិងលើកទឹកចិត្តវិស័យឯកជនឲ្យចូលរួមផ្សព្វផ្សាយ បញ្ចូលបច្ចេកវិទ្យាថ្មីៗដូចជាការប្រើគ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្ម ការផលិតពូជថ្មី ការកែច្នៃវិចខ្ចប់ ទទួលបានការគាំទ្រទីផ្សារក្នុងស្រុក និងការនាំចេញ ទី៥. បង្កើនកិច្ចសហការពហុភាគីក្នុងការអនុវត្តផលិតកម្មតាមកិច្ចសន្យា ដើម្បីបង្កើនភាពកក់ក្តៅនិងទំនុកចិត្តជូនប្រជាកសិករ និងពាណិជ្ជករ។ ទី៦. គ្រប់អង្គភាពក្រោមឱវាទត្រូវបន្តជំរុញការអនុវត្តច្បាប់ បទដ្ឋានគតិយុត្តដែលមានស្រាប់ ឲ្យមានប្រសិទ្ធភាព និងបន្តរៀបចំនិងចងក្រងលិខិតបទដ្ឋានគតិយុត្តឲ្យសមស្រមតាមនិន្នាការរីកចម្រើនរបស់ជាតិ ទី៧.ជំរុញការធ្វើកសិកម្មចម្រុះរួមបញ្ជូលទាំងការចិញ្ចឹមសត្វ ដាំដំណាំ ចិញ្ចឹមត្រីក្នុងសហគមន័ព្រៃឈើ និងសហគមន៍នេសាទដើម្បីកាត់បន្ថយការពឹងពាក់ទាំងស្រុកលើធនធានធម្មជាតិ ឈានទៅកាត់បន្ថយភាពក្រីក្រ។