ជំនួបពិភាក្សាការងារជាមួយលោកស្រីTan Hooi Ling សហស្ថាបនិកក្រុមហ៊ុនតាក់ស៊ីGrab នៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងហាណូយ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨


លោកស្រីTan បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលកម្ពុជាដែលបានផ្តល់ការគាំទ្រដល់ ប្រតិបត្តិការរបស់ក្រុមហ៊ុនតាក់ស៊ីGrab នៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណផងដែរដល់ក្រុមហ៊ុនតាក់ស៊ីGrab ដែលបានផ្តល់ការជឿជាក់លើរដ្ឋាភិបាលក្នុងការដំណើរការសេវាកម្មរបស់ពួកគេនៅក្នុងកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុនតាក់ស៊ីGrab ដែលបានសហការផ្តល់សេវា ធ្វើដំណើរដោយឥតគិតថ្លៃរហូតដល់ខែធ្នូដោយតភ្ជាប់ការធ្វើដំណើរពីស្ថានីយ៍នាវាដឹកអ្នកដំណើរ សាធារណៈនិងស្ថានីយ៍រថភ្លើង។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសន្យាជួយក្រុមហ៊ុនតាក់ស៊ីGrab ក្នុងការបណ្តុះបណ្តាលអ្នកបើកបររបស់ ខ្លួនឱ្យកាន់តែប្រសើរឡើងដើម្បីធានាថាពួកគេប្រកាន់ខ្ជាប់តាមច្បាប់បើកបរនៅកម្ពុជា។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានស្នើឱ្យក្រុមហ៊ុនតាក់ស៊ីGrab ជួយគាំទ្រដល់គំនិតផ្តួច ផ្តើមសុវត្ថិភាពចរាចរណ៍របស់រដ្ឋាភិបាលតាមរយៈការផ្តល់មួកសុវត្ថិភាព និងចំណាំងផ្លាតសុវត្ថិភាពចរាចរណ៍ដើម្បីជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

លោកស្រីTan បានបង្ហាញនូវឆន្ទៈរបស់ខ្លួនក្នុងកិច្ចសហការលើគម្រោងនេះដើម្បីគាំទ្រក្រសួង សាធារណការ និងដឹកជញ្ជូនក្នុងគំនិតផ្ដួចផ្ដើមសុវត្ថិភាពចរាចរណ៍ផ្លូវគោកបន្ថែមទៀតនៅ ក្នុងអាណត្តិថ្មីនេះ។