បើកការដ្ឋានសាងសង់ផ្លូវបេតុង ៥០០ម៉ែត្រ និងជិះកង់សួរសុខទុក្ខ ប្រជាពលរដ្ឋប្រមាណ ២៤៦៣នាក់ ក្នុងឃុំកំពង់កុង និងឃុំកោះធំ “ក”


ថ្ងៃសៅរិ៍ ៦កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារថ្នាក់ ជាតិចុះស្រុកកោះធំ បានអញ្ជើញធ្វើដំណើរដោយជិះកង់សួរសុខទុក្ខ និងថ្លែងអំណរគុណដល់ប្រជាពល រដ្ឋ ដោយចេញដំណើរពីទីស្នាក់ការគណបក្សឃុំកំពង់កុងទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅចំណុចមុខវត្តកោះធំ ឃុំកោះធំ“ក” ស្រុកកោះធំ ខេត្តកណ្តាល ដោយមានអ្នកចូលរួមប្រមាណ ៩៦៣នាក់។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការប្តេជ្ញាដាក់ខ្លួនបម្រើ ប្រជាពលរដ្ឋឱ្យអស់ពីកម្លាំងកាយកម្លាំងចិត្ត មិនឱ្យប្រជាពលរដ្ឋខកចិត្ត ក្នុងនាមជាមន្ត្រីបម្រើរាស្ត្រ ដើម្បីអភិវឌ្ឍស្រុកកោះធំឱ្យកាន់តែមានការរីកចម្រើនថែមទៀត ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្រោយពិធីជួបសំណេះសំណាលនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញបន្តដំណើរជិះកង់ទៅចូលរួមពិធីសំណេះសំណាល និងបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែប្រវែង៥០០ម៉ែត្រ ដើម្បីទុកជាចំណងដៃជូនប្រជាពលរដ្ឋ ឋិតក្នុងចំណុចវត្តកំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ដោយមានការចូលរួម ពីប្រជាពលរដ្ឋប្រមាណ១៥០០នាក់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនផងដែរអំពីការចូលរួមរបស់ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ដែលបានប្រព្រឹត្តទៅនៅប្រទេសវៀតណាម និងការអបអរសាទរពីបណ្តាមេដឹកនាំនានាលើពិភពលោកចំពោះ ការផ្តល់សេចក្តីទុកចិត្តពី ប្រជាជន មកលើសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រទេសជាតិកាន់តែមានការរីកចម្រើន ថែមទៀត។

ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានអញ្ជើញចាក់បេតុងជានិមិត្តរូបនៃបើកការដ្ឋានសាង សង់ផ្លូវបេតុងមួយខ្សែបន្ថែមទៀតប្រវែង៥០០ម៉ែត្រ ឋិតក្នុងចំណុចវត្ត កំពង់គរ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល៕