ឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវមួយខ្សែ ប្រវែង ២.៥៦៦ម៉ែត្រ


នាព្រឹកថ្ងៃអាទិត្យ​ ៧កើត ខខែភត្របទ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស​ ២៥៦២​ ត្រូវនឹង​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ផ្លូវមួយខ្សែ ប្រវែង ២.៥៦៦ម៉ែត្រ​ ដោយឆ្លងកាត់ភូមិចំនួន០៣គឺភូមិកំពង់ស្វាយ ភូមិព្រែកដូង និងភូមិព្រែកដូង២ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល​។

​ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ម៉ម ប៊ុននាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទូទាំងឃុំកំពង់ស្វាយ ដែលបានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ជាពិសេសប្រជាពលរដ្ឋទាំងអស់ដែលបានបន្តគាំទ្ររាជរដ្ឋាភិបាល មានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដើម្បីថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់។

​ ដើម្បីជាការតបស្នងចំពោះប្រជាពលរដ្ឋដែលបានបន្តគាំទ្ររាជរដ្ឋាភិបាលបច្ចុប្បន្ន ឯកឧត្តមបានសាងសង់ផ្លូវ ១ខ្សែ មានបណ្តោយ ២៥៦៦ម៉ែត្រ​ ទទឹង៤ម៉ែត្រ​ ក្រាលថ្មមិច​កំរាស់​១តឹក​ ដោយឆ្លងកាត់ភូមិចំនួន០៣គឺភូមិកំពង់ស្វាយ ភូមិព្រែកដូង និងភូមិព្រែកដូង២។

ជាមួយគ្នានោះដែរ​ ឯកឧត្តម​ បាននាំយកសារ៉ុងមកចែកជូនប្រជាពលរដ្ឋចំនួន ១៥០នាក់​ ដោយក្នុងម្នាក់ៗទទួលបានសារ៉ុង​ចំនួន០១​ ដែលចំណាយថវិកាសរុប​ចំនួន​ ៤៨.២៥០.០០០​ រៀល។