ឯកឧត្តម ចាន់ ស៊ីណាត បានដឹកនាំក្រុមការងារក្រសួង ចុះពិនិត្យការដ្ឋានសាងសង់ទំនប់កាត់ស្ទឹង ” សិរីមង្គល “


ថ្ងៃសៅរ៍ ៦កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០១៨ ឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារក្រសួង ចុះពិនិត្យការដ្ឋានសាងសង់ទំនប់កាត់ស្ទឹង ” សិរីមង្គល ” ស្ថិតក្នុងឃុំគយម៉ែង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ក្នុងឱកាសចុះពិនិត្យនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានណែនាំ និងជម្រុញដល់អ្នកអនុវត្តគម្រោង ធ្វើការអនុវត្តឲ្យបានឆាប់ សមស្របតាមបទដ្ឋានបច្ចេកទេស ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានណែនាំដល់មន្ទីរធនធាទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ឲ្យជួយពិនិត្យ តាមដានលើការងារផ្គត់ផ្គង់ទឹក និងបង្កបង្កើនផលររបស់ប្រជាកសិករ ក៏ដូចជាការទាញទឹកពីប្រព័ន្ធធារាសាស្ត្រ ស្ទឹងស្រែង ជំហានទី ២ មកស្តុកទុកនៅក្នុងអាងត្រពាំងថ្ម ។

បន្ទាប់មក ឯកឧត្តមអនុរដ្ឋលេខាធិការ និងក្រុមការងារ ក៏បានបន្តដំណើរទៅកាន់ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពទឹកនៅប្រព័ន្ធធារាសាស្ត្រ ស្ទឹងស្រែង ជំហានទី ២ ។ ការចុះពិនិត្យនេះ គឺក្នុងគោលបំណងដើម្បីឈានទៅធ្វើការពង្រីកនូវសក្តានុពលស្រោចស្រពរបស់ប្រព័ន្ធធារាសាស្ត្រស្ទឺងស្រែង ជំហានទី ២ ទៅកាន់ដីស្រែប្រជាកសិករបន្ថែមទៀត ពិសេសទៅកាន់តំបន់ដែលពុំទាន់មានទឹកទៅដល់ ។