គណៈប្រតិភូព្រឹទ្ធសភាកម្ពុជា បានចូលរួមពិធីបើកពិព័រណ៍អន្តជាតិចិនភាគខាងលិច លើកទី១៧ (17th WCIF) និងជាវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិចិនភាគខាងលិច លើកទី៩


នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ គណៈប្រតិភូព្រឹទ្ធសភាកម្ពុជាដឹកនាំដោយឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានចូលរួមពិធីបើកពិព័រណ៍អន្តជាតិចិនភាគខាងលិច លើកទី១៧ (17th WCIF) និងជាវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិចិនភាគខាងលិច លើកទី៩ ដែលជាយន្តការដ៏សំខាន់ក្នុងការអនុវត្តគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់ និងផ្លូវ”របស់ប្រទេសចិន នៅទីក្រុងឆឹងទូ ខេត្តសុីឈួន នៃសាធារណរដ្ឋប្រជាមានិតចិន។ នៅរសៀលថ្ងៃដដែល គណៈប្រតិភូបានបន្តដំណើរទៅទស្សនកិច្ចមជ្ឈមណ្ឌលថែទាំខ្លាឃ្មុំផេនដា។ បន្ទាប់មក វេលាម៉ោង៨:០០នាទីយប់ ឯកឧត្តមប្រធានគណៈប្រតិភូបានផ្តល់បទសម្ភាសន៍ជាមួយសារព័ត៑មានប្រចាំថ្ងៃខេត្តសុីឈួន (Media Sichuan Daily) និងទូរទស្សន៍ខេត្តសុីឈួន (Sichuan TV) ដោយបានលើកឡើងអំពីសក្តានុពលនិងភាពរីកចំរើនដ៏ខ្លាំងក្លារបស់ខេត្តសុីឈួនក្នុងនាមជាខេត្តស្នូលក្នុងការអនុវត្តគំនិតផ្តួចផ្តើម”ខ្សែក្រវ៉ាត់ និងផ្លូវ”, សាៈសំខាន់របស់WCIFក្នុងនាមជាឆ្អឹងខ្នងនៃការអនុវត្តគំនិតផ្តួចផ្តើម”ខ្សែក្រវ៉ាត់ និងផ្លូវ” និងជាវេទិកាពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសចូលរួមគំនិតផ្តួចផ្តើមនេះ ព្រមទាំងសក្តានុពលកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ខេត្តសុីឈួននាពេលខាងមុខ។