អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រដៅមេធាវីលោក កឹម សុខា ឲ្យទៅមើលច្បាប់សិន មុននឹងនិយាយ និងកុំបន្តនិយាយអ្វីមិនពិតតាមការចង់បានរបស់អាស៉ីសេរី


(ភ្នំពេញ)៖ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨នេះ បានណែនាំដល់អ្នកច្បាប់របស់ វិទ្យុអាស៉ីសេរី ដែលបម្រើបរទេស ឲ្យទៅមើលច្បាប់ជាមុនសិន មុននឹងនិយាយអ្វីមួយដែលពាក់ព័ន្ធនឹងច្បាប់។

ទោះបីជាមិនបានបញ្ចេញឈ្មោះ តែការប្រតិកម្មរបស់ឯកឧត្តម គឹម សន្តិភាព ទំនងជាសំដៅដល់លោក ផែង ហេង មេធាវីរបស់លោក កឹម សុខា ដែលបានពោលពាក្យសម្តីអកុសលលើ វិទ្យុបម្រើបរទេសអាស៉ីសេរីថា ការដាក់ឲ្យស្ថិតក្រោមការពិនិត្យ តាមផ្លូវតុលាការដល់កូនក្តីរបស់លោក​ (កឹម សុខា) ជារឿងខុសច្បាប់។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់ទៅវិញថា «បើធ្វើជាអ្នកច្បាប់ត្រូវតែនិយាយអ្វី ដែលមានចែងដោយច្បាប់តែប៉ុណ្ណោះ»។ ឯកឧត្តម ថា «សូមបន្តរក្សាតម្លៃរបស់ខ្លួន និងកុំនិយាយអ្វី តាមការចង់បានរបស់វិទ្យុអាស៉ីសេរីឲ្យសោះ»

ឯកឧត្តម គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមជាមេធាវី និយាយអ្វីសូមមើលអត្ថបទច្បាប់ ឲ្យបានច្បាស់លាស់ មិនមែននិយាយតាមការចង់បានតាមរយៈ សំណួរដឹកមុខរបស់អាស៉ីសេរីនោះទេ។ ខ្ញុំសូមផ្តល់ជូននូវអត្ថបទច្បាប់មាត្រា២២៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដល់លោកមេធាវីដើម្បីពិនិត្យ ក្រែងលោកអត់មានច្បាប់ក្នុងដៃ»

អ្នកនាំពាក្យរូបនេះបានបន្តថា «គ្រាន់តែបញ្ជាក់ថា ឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរ មិនមែនមានត្រឹមតែហាមឃាត់ មិនឲ្យជនត្រូវចោទទៅក្រៅប្រទេសនោះទេ គឺមានសិទ្ធិមិនឲ្យជនត្រូវចោទ ចេញពីព្រំប្រទល់ដែនដីមួយ ដែលបានកំណត់ច្បាស់លាស់ ព្រមទាំងសិទ្ធិអំណាចមួយចំនួនទៀត។ សូមរក្សាតម្លៃរបស់អ្នក និងសូមកុំបន្តនិយាយអ្វី ដែលមិនពិតតាមគេនោះ និងសូមបន្តតំណែងជាអ្នកច្បាប់ របស់អាស៉ីសេរី ដើម្បីកុំឲ្យអាស៊ីសេរីទៅជាអ្នកច្បាប់»