ក្រសួងបរិស្ថានពង្រឹងលើការគ្រប់គ្រងតម្លៃកម្រងសេវាសាធារណៈរបស់ក្រសួង ដើម្បីបង្កើនការងារ លើការងារគ្រប់គ្រងបរិស្ថាន


នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃអង្គារ៍ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើសេចក្តីព្រាងកម្រងសេវាសាធារណៈរបស់ក្រសួងបរិស្ថានចុងក្រោយ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ អគ្គនាយកដ្ឋាន នាយកដ្ឋានមន្រ្តីពាក់ព័ន្ធចំណុះក្រសួងបរិស្ថាន ដើម្បីគ្រប់គ្រង និងមើលពីលទ្ធភាពកម្រៃសេវា ក្នុងការអនុវត្តការងារវិស័យបរិស្ថានបានច្រើន និងកំណត់គម្រោងសេវាថ្មី កំណត់តម្លៃប្រភេទសេវា និងចំណូលរបស់ក្រសួងបរិស្ថានឱ្យមានប្រសិទ្ធភាព។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងបរិស្ថាន បានជំរុញដល់អគ្គនាយកដ្ឋានពាក់ព័ន្ធ កំណត់ប្រភេទចំណូលឱ្យបានច្បាស់លាស់ដើម្បីគ្រប់គ្រងតម្លៃសេវាដែលជាផ្នែកមួយសំខាន់ចូលរួមលើការគ្រប់គ្រងវិស័យបរិស្ថានបានល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តម ណែនាំដល់ថ្នាក់ដឹកនាំ និងអគ្គនាយកដ្ឋានជំនាញដែលអាចទាញយកកម្រៃសេវាបាន ត្រូវអនុវត្ត ពីព្រោះមានមធ្យោបាយ សកម្មភាពជាច្រើនដែលទាក់ទងនឹងបរិស្ថានត្រូវសហការជាមួយ និងត្រូវអនុវត្តនៅតួនាទីភារកិច្ចរបស់ខ្លួន ទៅតាមជំនាញ ក៏ដូចជាចូលរួមគិតគូរ ក្នុងការចូលរួមលើកកម្ពស់កិច្ចគាំពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិអោយមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា ក្រសួងបរិស្ថាន ដាក់ឱ្យអនុវត្តន៍គម្រោងសេវាថ្មីៗមួយចំនួនគឺមានការពាក់ព័ន្ធកិច្ចគាំពារបរិស្ថាន ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (បរិយាកាស ការសាងសង់អគារ និងក្រុមហ៊ុនឧហ្សាហកម្ម សិប្បកម្មជាដើម) ការអភិរក្សជីវៈចម្រុះ និងការគ្រប់គ្រង តំបន់ការពារធម្មជាតិ ជាដើម ធ្វើយ៉ាងណាអនុវត្តត្រូវផ្តោតសំខាន់ និងគិតគូរលើវិស័យបរិស្ថានជាចំបង។
ជាមួយគ្នានេះ គ្រប់បណ្តាអង្គភាព ដែលពាក់ព័ន្ធទៅនឹងការរកចំណូលថវិការបស់ក្រសួងបរិស្ថាន ត្រូវជំរុញ និងត្រូវធ្វើបច្ចុប្បន្នភាពអំពីប្រភេទសេវាថ្មី ក៏ដូចជាសេវាចាស់ និងកំណត់តម្លៃសាធារណៈរបស់ខ្លួនឡើងវិញ ដោយធ្វើការគិតគូរគ្រប់ជ្រុងជ្រោយ តាមលំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ការបែងចែក និងប្រើប្រាស់ឱ្យចំគោលដៅ ធ្វើយ៉ាងណាឱ្យការគ្រប់គ្រងវិស័យបរិស្ថានមានប្រសិទ្ធភាព និងនិរន្តរភាព៕