ឯកឧត្តម វេង សាខុន បានទទួលជួបឯកឧត្តម William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូដែលអញ្ជើញមកពីក្រុមហ៊ុនកសិកម្មធំៗនាំមុខគេទាំង ១៥ នៅសហរដ្ឋអាមេរិក


នៅទីស្តីការក្រសួងនារសៀលថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានទទួលជួបឯកឧត្តម William Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូដែលអញ្ជើញមកពីក្រុមហ៊ុនកសិកម្មធំៗនាំមុខគេទាំង ១៥ នៅសហរដ្ឋអាមេរិកមានជាអាទិ៍ក្រុមហ៊ុនគីមីឧស្សាហកម្ម ក្រុមហ៊ុនផលិតឧបករណ៍ សម្ភារសម្រាប់ឧស្សាហកម្មម្ហូបអាហារ ថ្នាំបសុសត្វ ត្រាក់ទ័រ John Deere។ល។ គោលបំណងធំនៃជំនួបពិភាក្សានេះគឺទី១- ស្វែងរកឱកាសវិនិយោគលើវិស័យកសិកម្ម និងទី២- ពិនិត្យលទ្ធភាពក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ពិសេសជាមួយដៃគូក្រុមហ៊ុនក្នុងស្រុកដែលមានសក្តានុពលក្នុងការអភិវឌ្ឍវិស័យកសិកម្ម។

នាឱកាសនេះឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យសេដ្ឋកិច្ច និងវិស័យកសិកម្មដែលរាជរដ្ឋាភិបាលសម្រេចបាននាពេលកន្លងមក ដែលការរីកចម្រើននេះបានចូលរួមចំណែកលើកកម្ពស់កម្រិតជីវភាព កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចបានយ៉ាងល្អប្រសើរ។ ចំពោះកិច្ចប្រជុំនាថ្ងៃនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា វាជាឱកាសដ៏ល្អសម្រាប់វិស័យឯកជនរបស់សហរដ្ឋអាមេរិក ក៏ដូចជាក្រុមហ៊ុនក្នុងស្រុក ក្នុងការស្វែងរកដៃគូ សហការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃ វេចខ្ចប់ផលិតផលកសិកម្ម ការផ្គត់ផ្គង់សម្ភារកសិកម្ម គីមីឧស្សាហកម្ម គ្រឿងយន្តកសិកម្ម និងបច្ចេកវិទ្យាផ្សេងៗទៀតដែលទាមទារឲ្យមានការយកចិត្តទុកដាក់លើការអនុវត្តបច្ចេកទេសសមស្របតាមការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន កំណើនសេដ្ឋកិច្ច ពិសេសសមស្របតាមស្តង់ដារកសិផលសម្រាប់ទីផ្សារនាំចេញ។

មានមតិស្វាគមន៍ឯកឧត្តមរដ្ឋមន្រ្តី ក្នុងនាមឲ្យរាជរដ្ឋាភិបាល និងក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលកន្លងមកបានជួយគាំទ្រយ៉ាងច្រើនតាមរយៈអង្គការ USAID ក្នុងដំណើរការអភិវឌ្ឍប្រទេសកម្ពុជា ដោយបានជួយឧបត្ថម្ភទាំងបច្ចេកទេស និងថវិកាដើម្បីអនុវត្តគម្រោងនានាដែលពាក់ព័ន្ធវិស័យកសិកម្ម ការងារបណ្តុះបណ្តាល និងការអភិវឌ្ឍធនធានមនុស្សនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងមជ្ឈមណ្ឌលឧត្តមភាពសម្រាប់កសិកម្មសមស្រប នវានុវត្តន៍ និងអាហារូបត្ថម្ភ (Center of Excellence for Sustainable Agriculture Intensification and Nutrition, CESAIN) ខេត្តបាត់ដំបង។ ស្តែងចេញពីកិច្ចសហប្រតិបត្តិការ និងលទ្ធផលគម្រោងនានាបានធ្វើឲ្យវិស័យកសិកម្មមានការរីកចម្រើនជាបន្តបន្ទាប់ ហើយតាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមនិងជឿជាក់ថារដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបន្តជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើនបន្ថែមទៀត ជាពិសេសវិស័យឯកជនរបស់សហរដ្ឋអាមេរិកនឹងមកវិនិយោគលើវិស័យកសិកម្មកាន់តែច្រើនឡើញនាពេលអនាគត។ ឯកឧត្តមរដ្ឋមន្រ្តីក៏បានបញ្ជាក់ជូនភ្ញៀវផងដែរថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្រ្ត និងគោលនយោបាយអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាអាទិ៍៖ ផ្លូវគមនាគមន៍ កំពង់ផែរទឹងជ្រៅ ព្រលានយន្តហោះ ការផ្តត់ផ្គង់អគ្គិសនី។ល។ ដោយឡែក ក្រសួងបាននិងកំពុងជំរុញការអភិវឌ្ឍធនធានមនុស្ស ការធ្វើពិពិធកម្មកសិកម្ម និងយន្តូបនីយកម្មកសិកម្ម ដើម្បីជួយជំរុញវិស័យកែច្នៃ វេចខ្ចប់ឲ្យមានការរីកចម្រើនធ្វើការនាំចេញកសិផលនាពេលអនាគត។

នាឱកាសនេះផងដែរភាគីទាំងពីរបានលើកយកប្រធានបទសំខាន់ៗមកពិភាក្សារួមមាន៖ -គោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មរបស់រាជរដ្ឋាភិបាល -ស្តង់ដារអនាម័យ និងភូតភាមអនាម័យសម្រាប់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ -ផលិតផលសំខាន់ៗដែលមានសក្តានុពលសម្រាប់ធ្វើការនាំចេញ -វិស័យកែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធដែលជួយទ្រទ្រង់វិស័យនេះ -ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម, ការលើកកម្ពស់សហគ្រាសខ្នាតតូចនិងមធ្យម, ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យកសិកម្ម ពិសេសយុវជនជំនាន់ក្រោយ និងការពង្រឹងទំនាក់ទំនងល្អរវាងវិស័យឯកជននិងរដ្ឋ។