ឯកអគ្គរដ្ឋទូតចិនចប់អាណត្តិនៅកម្ពុជាជួបសម្តែងការគួរសមនិងជំរាបលាសម្តេចក្រឡាហោម ស ខេងនាយករដ្ឋមន្ត្រីស្តីទី


ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះនៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្តម ស្យុង ប៉ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ដែលចប់អាណត្តិនៅកម្ពុជាបានចូលជួបសម្តែងការគួរសមនិងជំរាបលាសម្តេចក្រឡាហោម ស ខេងនាយករដ្ឋមន្ត្រីស្តីទី ។

នៅក្នុងជំនួបនោះ ឯកឧត្តម ស្យុង ប៉ បានថ្លែងអំណរអគុណនិងកោតសរសើរ ចំពោះសមត្ថកិច្ចក្រសួងមហាផ្ទៃ ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការលើការប្រឆាំងបទល្មើសនិងឧក្រិដ្ឋកម្ម ។

ឯកឧត្តម ស្យុង ប៉បានលើកឡើងថា អាជ្ញាធរកម្ពុជាបានសហប្រតិបត្តិការយ៉ាងល្អប្រសើរលើការងារសន្តិសុខដូចជាការបង្រ្កាបបទល្មើសផ្សេងៗរួមមានបទល្មើសឆ្លងដែន ការជួញដូរគ្រឿងញៀន និងការប្រព្រឹត្តអំពើបេស្យាចារ្យផ្សេងៗ ហើយឯកឧត្តម បានបញ្ជាក់ថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតឲ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយគ្នានោះដែរ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនបានលើកសរសើរកម្ពុជាថាជាមិត្តដ៏ល្អជាមួយរបស់ចិនលើគ្រប់វិស័យ។

ជាការឆ្លើយតប សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី ក៏បានសម្តែងការគាំទ្រដល់ការលើកឡើងរបស់លោក ស្យុង ប៉ និងសន្យាថានឹងខិតខំលើកស្ទួយកិច្ចសហប្រតិបត្តិការនេះឲ្យកាន់តែល្អប្រសើថែមទៀត ។

សម្តេចក្រឡាហោមនាយករដ្ឋមន្ត្រីស្តីទី ក៏បានថ្លែងអំណរអគុណចំពោះប្រជាជននិងរដ្ឋាភិបាលចិនដែលបានជួយដល់ប្រទេសកម្ពុជានាពេលកន្លងមកនិងបច្ចុប្បន្ន ដែលជំនួយទាំងនោះគឺផ្នែកបានជួយលើកកម្ពស់សេដ្ឋកិច្ចកម្ពុជានិងការអភិវឌ្ឍនៅប្រទេសកម្ពុជានាពេលនេះ៕