លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតចិន ផុតអាណត្តិ ចូលជួបសម្តែងការគួរសម និងជម្រាបលា


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតឱ្យ ឯកឧត្តម ស្យុង ប៉រ ឯកអគ្គរដ្ឋទូតចិន ដែលបានចប់អាណត្តិ ចូលជួបសម្តែងការគួរសម ជម្រាបលា នៅទីស្តីការក្រសួង ព្រឹកថ្ងៃសុក្រ ៤រោច ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។

ឯកឧត្តម ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រ​សួង​​​​​ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានឱ្យ​ដឹងថា ក្នុងរយៈពេល ២ឆ្នាំកន្លងទៅនេះ ឯកឧត្តម ស្យុង ព័រ ឯកអគ្គ​រដ្ឋទូត​ចិនប្រចាំកម្ពុជាចប់អាណត្តិ បានធ្វើកិច្ចការងារជាច្រើន ពិសេស ជួយសម្រប​សម្រួល​ក្នុង​ដំ​ណើរទស្សនកិច្ច ឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជីនពីង ឯកឧត្តមនាយករដ្ឋមន្ត្រីចិន លី ខឺឈាំង មកកាន់កម្ពុជា ក៏ដូចជាដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសចិនផងដែរ។ ឯកឧត្តម ស្យុង ព័រ ក៏បានបន្តទៀតថា គឺបានយក​ចិត្ត​ទុកដាក់ខ្លាំងនៅក្នុងការជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ច នយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយ និង​​​កិច្ច​​សហប្រតិបត្តិការ​ជាច្រើនទៀត ដែលក្នុងនោះ ទទួលបាននូវលទ្ធផលដ៏ត្រចះត្រចង់ ដើម្បី​ពង្រឹង និងពង្រីក កិច្ច​សហ​ប្រតិបត្តិការ និងទំនាក់ទំនងចិន-កម្ពុជា ដល់ចំណុចថ្មីមួយទៀត ។

ជាការឆ្លើយតប លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះ ឯកឧត្តម ស្យុង ព័រ និងមន្ត្រីការទូតរបស់ចិនទាំងអស់ ដែលបានខិតខំប្រឹងប្រែង​អស់ពី​កម្លាំង​កាយ​ចិត្ត ធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងចិន បានរីកចម្រើនដល់កម្រិតខ្លាំងឡើងថែមទៀត ។
លោកជំទាវ ឧបនាយករដ្ឋមន្ត្រី បន្តទៀតថា ទំនាក់ទំនងរវាង​ប្រទេស​យើង​ទាំង២​បានឈាន​ដល់​ចំ​ណុច​ទី១ គឺកិច្ចសហប្រតិបត្តិការ ភាពជាដៃគូគ្រប់ជ្រុងជ្រោយ ហើយថ្មីៗនេះ ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជីនពីង បានមានប្រសាសន៍ ថា កម្ពុជា-ចិន គឺជាមិត្តដែកថែប ដែលកសាងឡើង ដោយភាពស្មោះ​ត្រ​ង់​រវាង មិត្តនិងមិត្ត ។
ជាមួយនេះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជំរាបជូនឯកអគ្គរដ្ឋទូតចិន​​​ថា៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអនុវត្តយ៉ាងល្អប្រសើរ ទៅនឹង​អនុស្សារណៈដែលបានចុះហត្ថលេខារួចហើយជាមួយអធិការកិច្ចចិនកន្លងមក ហើយនៅពេលខាងមុខ​ដ៏​ខ្លី​នេះ ក្រសួងត្រៀមរៀបចំទទួលប្រតិភូអធិការកិច្ចរបស់ប្រទេសចិន ដែលមកទស្សនកិច្ចនៅកម្ពុជា ហើយទស្សនកិច្ចនេះ លោកជំទាវឧបនាយករដ្ឋមន្ត្រីយល់ឃើញថា នឹងនាំមកនូវកិច្ចសហប្រតិបត្តិការ​ថ្មីៗ​បន្ថែម​ទៀត លើវិស័យ​អធិការកិច្ចរវាងប្រទេសទាំងពីរ ។
ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណជូន​ចំពោះ​ប្រ​ជាជន រដ្ឋាភិបាលចិនផងដែរ ដែលតែងតែគាំទ្រ​កម្ពុជា​រហូត​មក និងសូមជូនពរឲ្យឯកឧត្តម បានទទួល​ជោគ​​ជ័យ នៃបេសកកម្មថ្មីថែមទៀត៕