ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយឯកឧត្តម សុខ លូ បានបន្តដំណើរចុះទៅពិនិត្យមជ្ឈមណ្ឌលសម្ងួត និងស្តុកស្រូវ អេមរុរ៉ាយស៍


ខេត្តកំពង់ធំ ៖ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបន្តដំណើរចុះទៅពិនិត្យមជ្ឈមណ្ឌលសម្ងួត និងស្តុកស្រូវ អេមរុរ៉ាយស៍ កំពង់ធំរបស់ក្រុមហ៊ុន អេមរុរ៉ាយស៍ (Amru Rice) ដែលមានហេដ្ឋារចនាសម្ព័ន្ធបំពាក់ដោយប្រព័ន្ធកុំព្យូទ័រទំនើបៗចុងក្រោយតាមស្តង់ដារ ដូចជាឃ្លាំងស្តុកស្រូវ ឡសម្ងួត និងម៉ាស៊ីនកិនស្រូវលើផ្ទៃដី ១៥ហត នៅស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

តាមការរាយការណ៍បានឲ្យដឹងថា នេះជាកន្លែងប្រមូលផ្តុំស្រូវដែលផ្គត់ផ្គង់ដោយសហគមន៍ តាមរយៈផលិតកម្មកសិកម្មតាមកិច្ចសន្យា ហើយក៏ជាកន្លែងចុងក្រោយនៃខ្សែចង្វាក់ផលិតកម្មស្រូវមុនធ្វើការលក់ចេញទាំងនៅក្នុងស្រុក និងនាំចេញ។ អ្វីដែលគួរជាទីមោទនៈនោះគឺ បច្ចុប្បន្នទូទាំងប្រទេស ក្រុមហ៊ុនបានអនុវត្តផលិតកម្មកសិកម្មដំណាំស្រូវជាមួយ ៤៧សហគមន៍ ក្នុងខេត្តគោលដៅចំនួន ៧ ដូចជាខេត្តព្រះវិហារ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តកំពង់ធំ។ ហើយបានបង្កើនការងារជូន ៦ ២៤២គ្រួសារ លើផ្ទៃដីសរុប ១៨ ៨៩១ហត ដើម្បីផលិតស្រូវប្រមាណជា ៥២ ៤៧៦តោនសម្រាប់កែច្នៃ និងផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុក និងនាំចេញ។

ទន្ទឹមនឹងនេះ ហេដ្ឋារចនាសម្ព័ន្ធដូចជាឃ្លាំងស្តុកស្រូវដែលបានសាងសង់អស់ជាង ៨០ម៉ឺនដុល្លារសហរដ្ឋអាមេរិក និងមានលទ្ធភាពស្តុកទុកស្រូវបានជាង ៦ម៉ឺនតោនក្នុង ១រដូវកាល។ ដោយឡែក ចំពោះឡសម្ងួតវិញ គឺអាចសម្ងួតបានជាង ១ ៦០០តោនក្នុង ១ថ្ងៃ។ សរុបពីការវិនិយោគគឺក្រុមហ៊ុនបានចំណាយថវិកាអស់ប្រមាណជា ៩លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះក៏មានការចូលរួមផ្តល់កម្ចីឥណទានពីធនាគារអភិវឌ្ឍន៍ជនបទរបស់រាជរដ្ឋាភិបាលផងដែរ។

នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដ៏ល្អប្រសើរដែលក្រុមហ៊ុនសម្រេចបាន ហើយឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា សមិទ្ធិផលទាំងអស់នេះលេចចេញដោយសារតែការធ្វើកំណែទម្រង់ដ៏សមស្របនៃវិស័យកសិកម្ម ស្របជាមួយនិងគោលនយោបាយដ៏ត្រឹមត្រូវ និងឆ្លាតវៃបំផុតពីប្រមុខរាជរដ្ឋាភិបាល។ ជារួម ការធ្វើពាណិជ្ជូបនីយកម្ម ទំនើបកម្មកសិកម្ម និងការប្រែក្លាយប្រជាកសិករទៅជា កសិ-ពាណិជ្ជករគឺជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងជួយគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីធ្វើឲ្យសម្រេចបាននូវចក្ខុវិស័យក្នុងការប្រែក្លាយប្រទេសជាតិទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នាឆ្នាំ ២០៣០។

ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការណែនាំដល់ក្រុមហ៊ុន ក៏ដូចជាវិស័យឯកជនដទៃទៀតក្នុងការសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជាដើម្បីធានាដល់ការផលិតពូជស្រូវសុទ្ធ ដែលមានគុណភាព និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារពិភពលោក។
ជម្រុញឲ្យក្រុមហ៊ុនពង្រីកការសហការជាមួយប្រជាកសិករ តាមរយៈយន្តការអនុវត្ដផលិតកម្មកសិកម្មតាមកិច្ចសន្យាឲ្យកាន់តែទូលំទូលាយ ដោយជួយគាំទ្រដលប្រជាកសិករ ដូចជាការផ្តល់ពូជសុទ្ធ ការគាំទ្រលើផ្នែកបច្ចេកទេស និងបច្ចេកវិទ្យាថ្មីទំនើប ជាពិសេសការប្រើប្រាស់គ្រឿងយន្តកសិកម្ម ដើម្បីលើកស្ទួយកម្រិតជីវភាពរបស់ពួកគាត់។