ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញចូលបំពេញបុណ្យកុសលប្រគេនទេយ្យវត្ថុ និង បច្ច័យ មួយចំនួនដល់ព្រះសង្ឃដែលកំពុងគង់ចាំព្រះវង្សានៅក្នុងវត្តចំនួនបីបន្ថែមទៀតក្នុងទឹកដីខេត្តសៀមរាប


ឆ្លៀតក្នុងឱកាសបន្ទាប់ពីបានដឹកនាំគណៈប្រតិភូអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយក គ្រឿងឧបភោគបរិភោគចែកជូនកងការពារព្រំដែនគោកឈរជើងបំពេញភារកិច្ចជួរមុខតាមតំបន់ព្រំដែនខេត្តឧត្តរមានជ័យ ឯកឧត្តមទេសរដ្ឋមន្ត្រី បានចូលបំពេញបុណ្យកុសលប្រគេនទេយ្យវត្ថុ និងបច្ច័យមួយ ចំនួនដល់ព្រះសង្ឃដែលកំពុងគង់ចាំព្រះវង្សានៅក្នុងវត្តចំនួនបី រួមមាន៖ វត្តព្រះព្រហ្មរ័ត្ន ស្ថិតក្នុងសង្កាត់ ស្វាយដង្គុំ ក្រុងសៀមរាប វត្តឥន្ទបត្តបុរី ហៅវត្តអង្គរខាងត្បូងនិងវត្តអង្គរខាងជើង ស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

ពិធីនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីឧទ្ទិសកុសលជូនដល់បុព្វការីជន មាតាបិតា ជូនដូនជីតា សាច់សារលោហិត ព្រមទាំងបុព្វបុរសខ្មែរ ដែលបានលះបង់ជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និងបានបួងសួង ជូនបុណ្យ កុសលដល់មហាគ្រួសារក្រសួងសាធារណការ និងដឹកជញ្ជូនបានសុខចម្រើនទាំងអស់គ្នា។