រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាចំនួន ៨៣៣,៣៣២ ដុល្លារអាមេរិក ដើម្បីជួយបោសសម្អាតមីននៅកម្ពុជា ។ ពិធីចុះហត្ថលេខាកិច្ចសន្យាផ្តល់ជំនួយនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែកញ្ញានេះ នៅស្ថានទូតជប៉ុន ប្រចាំនៅប្រទេសកម្ពុជា។
ជំនួយមីនចំពោះកម្ពុជានេះ បានផ្តល់តាមរយៈ អង្គការសកម្មភាពកំចាត់មីនជប៉ុន JMAS ដើម្បីអនុវត្តគម្រោងបង្កើនសមត្ថភាពបោសសម្អាតមីនដល់អង្គការ CMAC ជំហានទី៣ ។ កិច្ចសន្យាផ្តល់ ជំនួយនេះចុះហត្ថលេខាដោយឯកអគ្គរដ្ឋទូតជប៉ុន លោក គូម៉ាម៉ារ៉ូ យូជិ និង លោក ស៊ីបាតា មិគិអុ ប្រធានតំណាងអង្គការ JMAS ។
ស្ថានទូតជប៉ុនបានឲ្យដឹងថា គម្រោងនេះគឺសម្រាប់ជួយផងដែរ ក្នុងការជួយកម្មវិធីសិក្សាបង្កើនសមត្ថភាព ដល់កងអនុសេនាតូចបោសសម្អាតមីនរបស់ CMAC ដែលមានការអនុវត្តជាក់ស្តែងក្នុងចំការមីនទំហំ ប្រមាណ២៦០ហិចតា ក្នុងឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។ គម្រោងនេះផងទៀត នឹងមានប្រយោជន៍ជួយដល់ប្រជាពលរដ្ឋប្រមាណ ១,៧០០នាក់ ដោយកាត់បន្ថយនូវការគម្រាមកំហែងពីគ្រាប់មីន និងសម្រួលដល់ការអភិវឌ្ឍន៍សហគមន៍ក្នុងតំបន់គោលដៅនេះផងដែរ ។
ឯកអគ្គរដ្ឋទូតជប៉ុន លោក គូម៉ាម៉ារ៉ូ យូជិ បានថ្លែងថា ឆ្នាំមុននេះ កម្ពុជានៅតែមានជនរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រមាណជាង ១១០នាក់ ។ របាយការណ៍របស់ស្ថានទូតជប៉ុនបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០២មក រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកាជាង ២៦លាន ២សែនដុល្លារអាមេរិក ដល់គម្រោងចំនួន៩៥ ដែលផ្តោតសំខាន់លើវិស័យអប់រំ នៅកម្រិតមូលដ្ឋាន… វិស័យសុខាភិបាល… វិស័យកសិកម្ម និងសកម្មភាពបោសសំអាតមីនផងដែរ ៕