ការអញ្ជើញចុះសាកសួរសុខទុក្ខមន្រ្តីរាជការ មុនថ្ងៃឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ


នៅព្រឹកថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញចុះសាកសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងបម្រើការងារនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីសម្តែងនូវការកោតសរសើរចំពោះពួកគាត់ដែល បានខិតខំប្រឹងប្រែងបំពេញការងារ និងសម្រេចបាននូវសមិទ្ធផលនានាជូនក្រសួង។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បាននាំយកអំណោយជាថវិកាឧបត្ថម្ភដល់មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា និងកម្មករនិយោជិតរបស់ក្រសួងសរុបប្រមាណ១៧១០នាក់ ដោយក្នុងម្នាក់ៗទទួលបាន ៥ម៉ឺនរៀលជាថវិកាផ្ទាល់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី និង៥ម៉ឺនរៀលទៀតជាការឧបត្ថម្ភពីរាជរដ្ឋាភិបាល ដើម្បីបានប្រារព្ធពិធីបុណ្យទាន និងកំសាន្តសប្បាយរីករាយក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានជូនពរដល់មន្រ្តីទាំងអស់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស សូមទទួលបាននូវសំណាងល្អ សុខសុវត្ថិភាពរាល់ពេលធ្វើដំណើរ និងជួបប្រទះនឹងពុទ្ធពរ ទាំង៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមមានសេចក្តីសុខជាមួយក្រុមគ្រួសារ ហើយ សង្ឃឹមថាមន្ត្រីទាំងអស់នឹងវិលត្រឡប់ពីថ្ងៃឈប់សម្រាក មកបំពេញការងារវិញប្រកបដោយស្មារតី និងអារម្មណ៍ជ្រះថ្លា ដើម្បីបម្រើផលប្រយោជន៍ប្រជាជនខ្មែរយើងបន្តទៀត៕