រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ កម្ពុជា គឺជាប្រទេសបើកចំហរ ជាមួយគោលនយោបាយគាំពារវិនិយោគល្អជាងគេ​នៅក្នុងតំបន់


(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានអះអាងថា កម្ពុជា គឺជាប្រទេសបើកចំហរសេដ្ឋកិច្ចជាមួយគោលនយោបាយគាំពារវិនិយោគល្អជាងគេនៅក្នុងតំបន់ ជាពិសេសគ្មានការរើសអើងចំពោះការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ហើយវិនិយោគិនបរទេសមានសិទ្ធិកាន់កាប់ភាគហ៊ុនបានទាំងស្រុង និងអាចប្រមូលប្រាក់ចំណេញពីការធ្វើធុរកិច្ចបាន ១០០ភាគរយ។

ឯកឧត្តមរដ្ឋមន្ត្រី បានអះអាងដូច្នេះ នៅក្នុងជំនួបពិភាក្សាការងារ ដើម្បី​ផ្សព្វផ្សាយឱកាសវិនិយោគ ជូនប្រតិភូធុរជននៃបណ្តាប្រទេសអាស៊ាន និងអាមេរិក មកពីក្រុមហ៊ុនធំៗចំនួន ១០ ដឹកនាំដោយលោក ម៉ាយឃើល មីឆាលឡាក់ (Michael W. Michalak)អនុប្រធានជាន់ខ្ពស់ និងជានាយកប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក កាលពីរសៀលថ្ងៃអង្គារ ទី០២ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានជម្រាបជូនប្រតិភូធុរជនអាស៊ាន-អាមេរិក អំពីគោលដៅនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ដែលផ្តោតសំខាន់លើការកែទម្រង់ដើម្បីធានាការអភិវឌ្ឍសង្គមសេដ្ឋកិច្ចដោយសមធម៌ និងវឌ្ឍនភាពនៃការរៀបចំសេចក្តីព្រាងច្បាប់ E-Commerce ដែលបច្ចុប្បន្នកំពុងត្រូវបានពិនិត្យ និងកែសម្រួលចុងក្រោយ ដោយក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីឱ្យមានសង្គតិភាព (ចំណុចស្រប) ជាមួយច្បាប់ដ៏ទៃទៀតរបស់កម្ពុជា ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីឧត្តមភាពរបស់កម្ពុជា ដូចជាលក្ខណៈពិសេសនៃទីតាំងភូមិសាស្ត្រ​ (បេះដូងនៃអាស៊ាន)​ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម កម្លាំងពលកម្មវ័យក្មេង តំបន់សេដ្ឋកិច្ចពិសេស និងគម្រោង Plus One ដែលផ្តល់ភាពបត់បែនខ្ពស់ដល់វិនិយោគិន ក្នុងការប្រើប្រាស់ទឹកដីកម្ពុជា ធ្វើជាមូលដ្ឋានផលិតកម្ម ដើម្បី​នាំចេញទីកាន់ទីផ្សារអន្តរជាតិ នៅក្រោមប្រព័ន្ធអនុគ្រោះពន្ធផ្សេងៗ ផ្តល់ប្រទេសជាដៃគូរបស់កម្ពុជា។

បន្ថែមលើនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបកស្រាយនូវសំណួរ និងសំណូមពរផ្សេងៗ ដែលលើកឡើងដោយប្រតិភូធុរជនអាស៊ាន-អាមេរិក និងសន្យាជួយសម្របសម្រួលរាល់បញ្ហាទាំងឡាយ ដើម្បីឈានទៅសម្រេចបានស្ថានភាពឈ្នះ-ឈ្នះទាំងអស់គ្នា គឺការវិនិយោគដើម្បីបង្កើតប្រាក់ចំណេញ និងបែងចែងកំណើនដោយសមធម៌, កាត់បន្ថយផលប៉ះពាល់បរិស្ថាន និងធានានូវការអភិវឌ្ឍប្រកបដោយចីរភាព ស្របតាមយុទ្ធសាស្ត្រចតុកោណថ្មី។

ជាការឆ្លើយតប លោក ម៉ាយឃើល មីឆាលឡាក់ តំណាងឱ្យប្រតិភូធុរជនអាស៊ាន-អាមេរិក បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានរៀបចំជំនួបដ៏មានសារៈសំខាន់ថ្ងៃនេះ ដើម្បីឱ្យតំណាងក្រុមហ៊ុនទាំងអស់ បានស្វែងយល់កាន់តែច្បាស់ អំពីគោលនយោបាយ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសក្តានុពលវិនិយោគលើវិស័យអទិភាពផ្សេងៗ រាប់តាំងពីសេដ្ឋកិច្ច ថាមពល បរិស្ថាន សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ កសិកម្ម និងការអភិវឌ្ឍធនធានមនុស្ស៕