នាយឧត្តមនាវី ទៀ វិញ ប្រកាសគាំទ្រជំហររបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការការពារអធិបតេយ្យជាតិ​ និងសន្តិភាព


នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក ព្រមទាំងមេបញ្ជាការរង នាយនាវី នាយនាវីរង កងទ័ពជើងទឹកទាំងអស់ នាថ្ងៃទី១០ ខែតុលានេះ បានប្រកាសគាំទ្រពេញទំហឹង ចំពោះជំហរម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារអធិបតេយ្យជាតិ ឯករាជ្យជាតិ និងសន្តិភាព ដោយមិនចុះញមជាមួយបរទេសព្រោះតែជំនួយ ឬការគំរាមសម្លុតណាមួយនោះ។

តាមរយៈអង្គភាពព័ត៌មាន នាយឧត្តមនាវី ទៀ វិញ ព្រមទាំងមេបញ្ជាការរង នាយនាវី នាយនាវីរង កងទ័ពជើងទឹកទាំងអស់ ក៏បានប្រកាសច្រានចោល ចំពោះគោលជំហររបស់បុគ្គលមួយចំនួន ដែលមាននិន្នាការផ្ទុយ ដែលព្រមឱនក្បាលរណបជាមួយបរទេស ដើម្បីជំនួយជាលេសលូកដៃកកូរកកាយ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ដែលជារដ្ឋអធិបតេយ្យផងដែរ៕