នាព្រឹកថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨
លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា និងជាអនុប្រធានក្រុមមិត្តភាពកម្ពុជា-បារាំង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកអង្គសិក្ខាសាលា ស្តីពីការទូតសភា ដែលរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សហការជាមួយសភាប្រើប្រាស់ភាសាបារាំង (APF) នៅសាលសិក្ខាសាលាខាងជើងវិមានព្រឹទ្ធសភា។
សិក្ខាសាលានេះ ប្រព្រឹត្តិទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ដោយមានការធ្វើបង្ហាញទៅលើ÷ ទី១-ទស្សនាទានទូទៅនៃការទូតសភា ទី២-ដំណើរនយោបាយការបរទេស និងការទូតសភាគួរធ្វើដូចម្តេច ទី៣-ប្រធានសភា គណៈកម្មធិការអចិន្ត្រៃយ៍ និងការងារទំនាក់ទំនងអន្តរជាតិ ទី៤-ពិធីការ និងការរៀបចំដំណើរទស្សនកិច្ច ទី៥-គណៈកម្មការកិច្ចការបរទេស ទី៦-ក្រុមមិត្តភាពជាបង្គោលនៃការទូតសភា ទី៧-អង្គការអន្តរសភា ទី៨-អង្គការសភាអន្តរជាតិ ទី៩-សមាជិកសភាជាតួអង្គនៃការទូតសភា ទី១០-អគ្គលេខាធិការសភា និងការងារទំនាក់ទំនងអន្តរជាតិ និងទី១១-កិច្ចសហប្រតិបត្តិការបច្ចេកទេសអន្តរសភា និងវិទ្យាស្ថានសភា ។
ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា តំណាងស្ថានទូតបារាំងប្រចាំកម្ពុជា វាគ្មិននៃអង្គការប្រើភាសាបារាំង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា-រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។