ប្រធានសភា IPU អបអរសាទរយ៉ាងពេញទំហឹង ចំពោះជោគជ័យ នៃការបោះឆ្នោតនៅកម្ពុជា ដែលបង្ហាញពីលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ


(ហ្សឺណែវ, ស្វីស)៖ លោកស្រី Gabriela Cueva Barron ប្រធានសហភាពអន្តរសភា IPU បានអបអរសាទរយ៉ាងពេញទំហឹង ក៏ដូចជា វាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលដែលកម្ពុជាសម្រេចបាន ជាពិសេសលទ្ធផលដ៏ជោគជ័យនៃការបោះឆ្នោតឆ្នាំ២០១៨នៅកម្ពុជា ដែលបានបង្ហាញអំពីលទ្ធិប្រជាធិបតេយ្យ យ៉ាងពិតប្រាកដ។
ការអបអរសាទរនេះ ធ្វើឡើងក្នុងឱកាសលោកស្រីប្រធានសភា IPU ឯកភាពទទួលជួបសម្តែងការគួរសមជាមួយគណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ លោកជំទាវ ឃួន សុដារី អនុប្រធានទី២រដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា ចូលរួមមហាសន្និបាតលើកទី១៣៩ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។

ថ្លែងក្នុងឱកាសនោះ លោកជំទាវ ឃួន សុដារី បាននាំនូវសារអបអរសាទរពីសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជូនចំពោះលោកស្រី ប្រធានសហភាពអន្តរសភា ដែលខិតខំប្រឹងប្រែង ក្នុងឋានៈលោកស្រី ជាប្រធានសហភាពអន្តរសភា ដែលមានសមជិកដល់ទៅ១៧៨ប្រទេស នៅទូទាំងពិភពលោកឆ្ពោះទៅរកជោគជ័យជានិច្ច។
លោកជំទាវ ឃួន សុដារី ក៏បានគូសបញ្ជាក់ផងដែរថា នៅក្នុងអំឡុងការបោះឆ្នោតជាសកលចុងក្រោយនេះ ក្នុងខែកក្កដា ឆ្នាំ២០១៨ មានគណបក្សនយោបាយចំនួន២០ ដែលបានប្រកួតប្រជែងដើម្បី អាសនៈសភា ដែលនេះគឺជាការបង្ហាញយ៉ាងច្បាស់លាស់ណាស់ថា គណបក្សទាំង២០នេះ ជាតំណាងស្របច្បាប់ នៃពហុគណបក្សនយោបាយ ដែលចូលរួមក្នុងការបោះឆ្នោត ហើយបានឆ្លុះបញ្ចាំងនូវអ្វីដែលអ្នកសង្កេតការណ៍មួយចំនួនហៅថា ដំណើរការប្រជាធិបតេយ្យដ៏ត្រឹមត្រូវ និងស្ថេរភាពជាទូទៅនៅកម្ពុជា។

សម្រាប់ដំណើរការបោះឆ្នោតកន្លងទៅនេះ មានអ្នកចូលរួមបោះឆ្នោតជិត ៧លាននាក់ បើគិតជាភាគរយ៨៣.០២% នៃអ្នកចុះបញ្ជីបោះឆ្នោតសរុប បានបោះឆ្នោត និងបានធ្វើការជ្រើសរើស តាមបែបផែននយោបាយដោយសេរីរបស់ខ្លួន។ ដោយឡែកអ្នកសង្កេតការណ៍អន្តរជាតិ ចំនួន៥៣៩មកពីប្រទេសជាង ៥០ប្រទេស ក្នុងចំណោមនោះមកពីស្ថាប័នអន្តរជាតិ រួមមាន គណបក្សនយោបាយអាស៊ាន សភាអាស៊ី អន្តរសភាអាស៊ាន និងក្រុមប្រឹក្សាសហគមន៍អឺរ៉ុប ផ្នែកទំនាក់ទំនងអន្តរជាតិដើម្បីជាសាក្សី តាមដានពិនិត្យមើលលើការអនុវត្ត លទ្ធិប្រជាធិបតេយ្យពោរពេញ ដោយសន្តិវិធីដែលជាឱកាសប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា។

បន្ថែមលើនេះទៀត លោកជំទាវអនុប្រធានទី២រដ្ឋសភា បានពន្យល់បន្ថែមអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលជាការពិតរបស់កម្ពុជា ដែលមជ្ឈដ្ឋានខាងក្រៅ និងពួកអគតិមួយក្តាប់តូចនាំគ្នាដើរ បំភ្លៃការពិតបោកប្រាស់អន្តរជាតិក្នុងចេតនាយ៉ងខ្នង ក្នុងការបំផ្លិចបំផ្លាញជាតិកម្ពុជា ដែលកំពុងតែរីកចម្រើនអត់ឈប់ឈរ ក្នុងកំណើនសេដ្ឋកិច្ច៧%ជាប្រចាំឆ្នាំ។

តាមការណែនាំរបស់សម្តេចប្រធានរដ្ឋសភា លោកជំទាវ ឃួន សុដារី បានអញ្ជើញលោកស្រីប្រធានសហភាពអន្តរសភា ចូលរួមកិច្ចប្រជុំប្រចាំលើកទី២៧ របស់វេទិកាសភាអាស៊ី-ប៉ាហ្វិក ចាប់ពីថ្ងៃទី១៤-១៧ ខែមករា ឆ្នំា២០១៩ ក្នុងឋានៈជាភ្ញៀវកិត្តិយស និងស្នើលោកស្រីពិនិត្យអំពីស្ថានភាពពីអំពីកម្ពុជាផងដែរ។

ជាការឆ្លើយតបលោកស្រី Gabriela Cueva Barron ប្រធានសហភាពអន្តរសភា បានឯកភាពដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំប្រចាំលើកទី២៧ របស់វេទិកាសភាអាស៊ី-ប៉ាហ្វិក និងបានអបអរសាទរយ៉ាងពេញទំហឹង ក៏ដូចជាវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែលកម្ពុជា សម្រេចបានជាពិសេសលទ្ធផលដ៏ជោគជ័យ នៃការបោះឆ្នោតឆ្នាំ២០១៨នៅកម្ពុជាដែលបានបង្ហាញអំពីលទ្ធិប្រជាធិបតេយ្យយ៉ាងពិតប្រាកដ៕