សម្តេចតេជោស្នើឱ្យយកចិត្តទុកដាក់រក្សាសន្តិសុខសុវត្ថិភាពថ្ងៃបុណ្យភ្ជុំបិណ្ឌ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើដល់កងកម្លាំងមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធត្រូវយកចិត្តទុកដាក់ក្នុងការជួយថែរក្សាសន្តិសុខ សុវត្ថិភាពសណ្តាប់ធ្នាប់ឲ្យបានល្អជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ។
សម្តេចតេជោបានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីថ្ងៃទី២៤ កញ្ញាបញ្ជាក់ថា៖ «សូមអាជ្ញាធរមានសមត្ថកិច្ច កងកម្លាំងនគរបាល និងកងកម្លាំងប្រដាប់អាវុធយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ឱ្យបានល្អដល់បងប្អូនប្រជាពលរដ្ឋ និងទេសចរណ៍នៅក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ»
ទន្ទឹមគ្នានោះដែរសម្តេចក៏បានអរគុណក្រុមហ៊ុនដឹកអ្នកដំណើរដែលបានចូលរួមជួយរំលែកដល់ការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗកម្មករកម្មការិនីរោងចក្រ ពេលធ្វើដំណើរទៅកាន់ស្រុកកំណើតនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ ដោយសន្យាមិនដំឡើងថ្លៃឈ្នួលផងដែរ ។
សម្តេចបានបន្ថែមទៀតថា មានក្រុមហ៊ុនចំនួន១៤បានសន្យាថា មិនដំឡើងថ្លៃឈ្នួល ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌក្នុងនោះមាន ១-ក្រុមហ៊ុន ថុង សម្បត្តិ ២-ក្រុមហ៊ុន ម៉ី ហុង ដឹកអ្នកដំណើរ ៣-ក្រុមហ៊ុនផលបូប៉ាន់ ត្រេនស្ព័ត ខូអិលធីឌី ៤-ក្រុមហ៊ុននាគក្រហម ៥-ក្រុមហ៊ុន ដឹកអ្នកដំណើរឡារីតា ៦-ក្រុមហ៊ុន វ៉ាង រ៉ិច ៧-ក្រុមហ៊ុន Giant IBIS Transport ៨-ក្រុមហ៊ុនហ្គោលដេនបាយ័ន អេចប្រេស ៩-ក្រុមហ៊ុន រិទ្ធិ មុនី ដឹកអ្នកដំណើរ ១០-ក្រុមហ៊ុន កាពីតូល ១១-ក្រុមហ៊ុនពន្លឺអង្គរខ្មែរដឹកជញ្ជូន
១២-ក្រុមហ៊ុនណាហ្គាត្រេនស្ព័ត ១៣-ក្រុមហ៊ុនវីរៈប៊ុនថាំ និង១៤-ក្រុមហ៊ុន NATTANKAN Cambodia Co.LTD ដឹកជញ្ជូនអ្នកដំណើរឆ្លងដែន ។

ជាមួយគ្នានោះដែរសម្តេច ជូនពរបងប្អូនជនរួមជាតិធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព និងទទួលបាននូវពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ព្រមទាំងសំណាងល្អគ្រប់ៗគ្នានៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌផងដែរ ៕

m1