វិភាគ៖ ជំហររ៉ឹងមាំរបស់កម្ពុជា ក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួនគួរទទួលបានការគោរព


ភ្នំពេញ៖ ការសម្រេចចិត្តប្រាសចាក សុភវិនិច្ឆ័យរបស់ក្រុមមនុស្សមួយចំនួននៃស​ហ​ភាពអឺរ៉ុប ក្នុងការដាក់ចេញនូវដំណើរការនីតិវិធីជាផ្លូវការ សម្រាប់ការដកជាបណ្តោះអាសន្ននូវការផ្តល់ភាពអនុគ្រោះពន្ធក្រោមកម្មវិធី “គ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA)” សម្រាប់ប្រទេសកម្ពុជាជារឿងគួរឲ្យអស់សំណើច និងអាម៉ាស់មួយសម្រាប់សហ គមន៍ ដែលសម្បូរដោយបញ្ញាជនមួយនេះ។

ការរំលាយគណបក្សនយោបាយមួយ ដែលតែងតែបង្កហេតុដល់ប្រទេសរបស់ខ្លួន និងតែងតែបញ្ចុះបញ្ចូលឲ្យសហគមន៍អន្តរជាតិដាក់គំនាប ឬទណ្ឌកម្មដល់ប្រទេសរបស់ខ្លួន ហើយទាមទារឲ្យអង្គការសហប្រជាជាតិព្យួរសមាជិកភាពរបស់កម្ពុជា និងសុទ្ឋតែជារឿងគួរឲ្យអៀនខ្មាស់ ខណៈរដ្ឋាភិបាលកម្ពុជាសម្រេចបានវឌ្ឍនភាព សម្រាប់ប្រទេសរបស់ខ្លួនយ៉ាងគួរឲ្យមោទនភាព ពួកគេបែរជាមើលមិនឃើញ តែពួកគេចង់មើលឃើញកម្ពុជាចង់មានបដិវត្តន៍ព៌ណ និងភាពចលាចលជំនួសវិញ។

ការឈានទៅរកការសម្រេចចិត្តគួរឲ្យអៀនខ្មាស់

ការយកលទ្ឋិប្រជាធិបតេយ្យ និងសិទ្ឋមនុស្សមកធ្វើជាលេស និងដើម្បីបន្លាចឬកំទេចប្រទេសណាមួយ ដោយអត្តនោម័តនិងមិនបានពិចារណាគ្រប់ជ្រុងជ្រោយ និងម៉ត់​ចត់លើទិដ្ឋភាពសេដ្ឋកិច្ច សង្គម និងវប្បធ៌មរបស់ប្រទេសមួយ ជារឿងដែលគួរឲ្យអៀនខ្មាស់ និងមិនគួរស្ថិតក្នុងការសម្រេចចិត្តរបស់ក្រុមបញ្ញាវ័ន្ត ឬក្រុមដែលតាំងខ្លួនជាមនុស្សមានអរិយធ៌មនោះទេ។

ហេតុនេះការឆ្លើយតបពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលបានសំដែងនូវការខកចិត្ត ចំពោះការសម្រេចរបស់សហភាពអឺរ៉ុប ក្នុងការដាក់ចេញនូវដំណើរការនីតិវិធីជាផ្លូវការសម្រាប់ការដកជាបណ្តោះអាសន្ន នូវការផ្តល់ភាពអនុគ្រោះពន្ធក្រោមកម្មវិធី «គ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA)» ជារឿងត្រឹមត្រូវរបស់រដ្ឋាភិបាល ដោយឈរលើសុភវិនិច្ឆ័យមួយចំនួន ដូចជា ទី១ ការសម្រេចរបស់ហភាពអឺរ៉ុបនេះគឺប្រថុយប្រថាន និងជាការមិនទទួលស្គាល់ ដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ដ៏មានតម្លៃ អស់រយៈពេល២០ឆ្នាំកន្លងមកនេះ ដែលរាជរដ្ឋាភិបាលកម្ពុជាបានព្យាយាមជួយទា​ញមនុស្សប្រុស ស្រីរាប់លាននាក់ឲ្យរួចផុតពីភាពក្រីក្រ ទី២ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ដែលសម្រេចបាននូវវឌ្ឍនភាពដ៏ល្អប្រសើរ តាមរយៈការកាត់បន្ថយភាពក្រីក្រ បង្កើនប្រាក់ចំណូលរបស់ប្រជាជនដែលកើនដល់១៥៦០​ដុល្លារនៅឆ្នាំ២០១៨នេះ។

ទី៣ ការបង្កើនប្រាក់ឈ្នួលដល់កម្មករ និយោជិតក្នុងវិស័យវាយណភ័ណ្ឌកាត់ដេរ និងស្បែកជើងពី៤០ដុល្លារនៅឆ្នាំ១៩៩៧ ដល់១៧០ដុល្លារនៅឆ្នាំ២០១៨ និងកើនដល់១៨២ដុល្លារនៅឆ្នាំ២០១៩ខាងមុខ សុទ្ឋតែជាឆន្ទៈរបស់រដ្ឋាភិបាល ដែលបានបង្ហាញពីការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋ និងសុខមាលភាពសង្គមរបស់ខ្លួន។ ទី៤ ការសម្រេ​ចបាននូវកំនើនសេដ្ឋកិច្ចជាង៧ភាគរយ ក្នុងរយៈពេលជាងពីរទសវត្សរ៍ ហើយកម្ពុជាបានជាប់ជាឯក្តទករកំនើនក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនជាងគេទាំង១០ក្នុងពិភពលោក និងបន្តកំនើនយ៉ា​ងរ៉ឹងមាំរយៈពេលវែងបន្តទៀត។ ទី៥ការឈានឡើងរបស់កម្ពុជា ពីប្រទេសមានប្រាក់ចំណូលតិចតួច មកកាន់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប​កាលពីឆ្នាំ២០១៦ និងឈានទៅក្លាយជាប្រទេសមានប្រាក់ចំណូ​លមធ្យមកម្រិតខ្ពស់​នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ គួរតែជាមូលដ្ឋាន សម្រា​ប់ការពិចារណារបស់ក្រុមអ្នកនយោបាយ ដែលមាននិន្នាការបង្អាក់ការអភិវឌ្ឍកម្ពុជា និយមទាំងនោះ។

ទី៦ ការដាក់ចេញនូវគោលនយោបាយគាំពារសង្គមរបស់រដ្ឋាភិបាល តាមរយៈការ​លើកលែងការបង់ថ្លៃសេវាសុខភាពដល់កម្មករ និយោជក មន្រ្តីរាជការ និងបុគ្គលិកធ្វើការក្រៅប្រព័ន្ឋ ពិសេសការផ្តល់ប្រាក់ដល់ស្រ្តីកម្មករ និយោជិតនៅពេលសម្រាលកូន សុទ្ឋតែជាអ្វីដែលជាការខិតខំ និងប្តេជ្ញាចិត្តដោយគ្មានការនឿយហត់របស់រដ្ឋាភិបាលកម្ពុជា។