មិនធម្មតាមែន! កសិករវ័យក្មេងកម្ពុជា បោះទុន១០ម៉ឺនដុល្លារ ដាំដំណាំ STRAWBERRY នៅទឹកដីខេត្តពោធិ៍សាត់


Strawberry ជាប្រភេទផ្លែឈើផ្តល់សុខភាពនិងសម្រស់ដែលមនុស្សគ្រប់រូបពេញនិយមទទួលទានទូទាំងពិភពលោកបាននឹងកំពុងមានវត្តមាននៅលើទឹកដីខេត្តពោធិសាត់ នៃប្រទេសកម្ពុជា​ហើយ។នៅក្នុងបទសម្ភាសន៍តាមរយៈទូរស័ព្ទជាមួយ Business Cambodia លោក អ៊ូច សំបូរ កសិករវ័យក្មេង ដែលជាម្ចាស់ចំការ Strawberry បានឲ្យដឹង​ថា​ ដំណាំ Strawberry ពិតជាបានដាំដុះលើទឹកដីខេត្តពោធិសាត់នៅលើផ្ទៃដីជិត ២ហិចតា ដែល​​លោកបានបោះទុន ប្រមាណជិត ១០ម៉ឺនដុល្លារអាមេរិក ។

លោកបានមានប្រសាសន៍ថា “មូលហេតុដែលជម្រុញឲ្យខ្ញុំសម្រេចចិត្តដាំដំណាំនេះឡើង គឺដោយ​សារ​តែ​ខ្ញុំមើលឃើញថាប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជនបរទេសភាគច្រើនយល់ឃើញថា អាកាសធាតុ​នៅប្រទេស​ខ្មែរយើង​​គឺមិនអាចដាំប្រភេទដំណាំនេះបានទេ តែផ្ទុយទៅវិញខ្ញុំគិតថា គ្មានអ្វីដែលមិន​អាចទៅរួចនោះ​ទេ ”។លោកបានបន្តទៀតថា សម្រាប់ជំហានដំបូងគឺលោកផ្តោត​ទៅលើទីផ្សារក្នុងស្រុក ហើយ ចំពោះអតិថិ​ជន​គោល​ដៅគឺសម្រាប់ប្រជាពរដ្ឋគ្រប់វ័យ តែយុវវ័យអាចជាអតិថិជនដែលមានការចាប់អារម្មណ៏ច្រើនជាង ព្រោះយុវវ័យ​ភាគ​ច្រើនគាត់​ចូលចិត្តផ្លែ Strawberry​ព្រោះផ្លែ​ឈើនេះមានអត្ថប្រយោជន៍ជាច្រើនដល់ពួកគេ។

លោកក៏បានបន្ថែមបន្តទៀតថា លោកបាននាំចូលកូន Strawberry ចំនួន១៥,០០០ដើមរួមទាំងដំនាំមួយចំនួនទៀត ដូចជា ម្នាស់ ប៊ឺ និងក្រូចអេស្ពាញ់ មកដាំនៅលើផ្ទៃដីជិត ២ហិចតា ដែលស្ថិតនៅភូមិ អូសោម ឃុំអូសោម ស្រុកវាលវែង ខេត្តពោធិសាត់។
ជាក់ស្តែងអ្វីដែលលោកទទួលបានគឺលោកបានប្រមូលផលលើកទី១ បានចំនួន ២០គីឡូក្រាមដែលលោកបាន លក់ចេញ​ក្នុង តម្លៃចន្លោះពី ១១ទៅ១៣ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម។

ទោះជាចំនួននេះ​តិចតួចក្តី តែនេះគ្រាន់តែជាជំហានដំបូងរបស់គាត់តែប៉ុណ្ណោះ តែអ្វីដែល​លោកនឹងបន្តក្រោយពីការដាំរយៈ៣ខែ ​គឺលោករំពឹងនឹងទទួលបានចំនួនពី ១០០គីឡូក្រាម ក្នុងមួយសប្ដាហ៌ និងលោកមានមហិជ្ជតានឹងពង្រីកការដាំចុះនៅលើផ្ទៃដី ៦ហិចតានោះ បើលោកទទួលបានជោគជ័យក្នុងជំហានទី២នេះ ដើម្បីផ្គត់​ផ្គង់ទី​ផ្សារ​នៅក្នុងស្រុក ​ហើយប្រសិនជាមានឱកាសលោកនឹងបន្តទៅកាន់ទីផ្សារក្រៅប្រទេសទៀតផង។ទាំងនេះលោកមិនបានធ្វើឬក៏គិតតែម្នាក់ឯងដែរពោលគឺលោកបានសហការជាមួយអ្នកជំនាញដែលជាជនជាតិអេស្បាញផងដែរ ដើម្បីឲ្យការដាំដំណាំ​មួយនេះជោគជ័យ​ហើយមានវត្តមាន​នៅលើទឹកដី​នៃ​ប្រទេស​កម្ពុជា។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំទៅលោកបាននាំចូលកូន Strawberryប្រមាណជា១០,០០០​ដើមផងដែរ ប៉ុន្តែត្រូវបានបរាជ័យទាំងស្រុងដោយសារតែ​លោកខ្វះ​បទ​ពិ​សោធ ម្យ៉ាងវិញទៀត​ការនាំ​ចូល​កូន​គឺខុសរដូវដែលនាំឲ្យកូន Strawberryមិនអាចលូតលាស់បានល្អ ព្រមទាំងបញ្ហាមួយ​ចំនួន​ទៀត​។

យ៉ាងណាមិញ លោកក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរឲ្យងាកមកមើលប្រភេទដំណាំនេះ ព្រោះ​នេះជាប្រភេទដំណាំដ៏កម្រ ហើយនេះក៏ជាការលើស្ទួយលើកកិត្តិយស លើកមុខមាត់ សង្គមយើង​ផងដែរ ដើម្បីឲ្យពិភពលោកដឹងថានៅប្រទេសខ្មែរយើងក៏អាចដាំបានដែរ និងម្យ៉ាងទៀតយើងអាចកាត់បន្ថយការនាំចូលពីក្រៅប្រទេសទៀតផង។​​

លើសពីនេះ​លោកក៏សូម ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម ដែលបានយកចិត្តទុកដាក់ខ្ពស់​ចំពោះវិស័យកសិកម្ម ព្រមទាំងថ្លែងអំណរគុណដល់អគ្គនាយកដ្ឋានគយ ដែលបានអនុញ្ញាតឲ្យ លោក​​បាននាំចូលទាន់ពេលវេលានិងអនុគ្រោះលើពន្ធនាំចូលកូនពូជ Strawberry នេះផងដែរ។
ជាពិសេស លោកសូមអរគុណដល់ លោក ចន ផេង ដែលអាជីវករនិងជាអ្នកជំនាញផ្នែកកសិកម្មនៅ ភូមិ អូសោម ព្រមទាំង លោក ហុក ឈាងទូច ម្ចាស់ចំការម្រេច និងជាមេការម្រេចផងដែរ ដែលតែងតែផ្តល់​បទ​ពិសោធនិងដំបូន្មានល្អៗមកដល់លោកព្រមទាំងកម្មករចំការទាំងមូលផងដែរ៕