សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភា និងជាអតីតនាយករដ្ឋមន្រ្តីតួកគី


នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ដែលជាថ្ងៃទី១ នៃការអញ្ជើញបំពេញទស្សនកិច្ចការងារ នៅ​ទីក្រុង​អីស្តានប៊ុល សាធារណរដ្ឋតួកគី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តី​នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំដែងការគួរសម ពិភាក្សាការងារ ជាមួយ ឯកឧត្តម ប៊ីណាលី យីដីរីម (Binali Yıldırım) ប្រធានរដ្ឋសភា និងជាអតីត​នាយក​រដ្ឋមន្រ្តីតួកគី។

នៅមុនពិធីទទួលទានអាហារថ្ងៃត្រង់ មេដឹកនាំ នៃប្រទេសទាំងពីរកម្ពុជា-តួកគី គឺសម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមប្រធានរដ្ឋសភាតួកគី បានអញ្ជើញជួបពិភាក្សាទល់មុខគ្នា ដើម្បីធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជំរៅទាក់ទិនទៅនឹងការរិតចំ ណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-តួកគី ឲ្យកាន់តែរឹងមាំ និងរីកចម្រើនទ្វេឡើងថែមទៀត ពិសេសគម្រោងនៃការបើកស្ថានឯកអគ្គរាជទូតរបស់ព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋតួកគីឲ្យបានឆាប់រហ័យបំផុត តាមដែលអាចធ្វើទៅបាន បន្ទាប់ពីប្រ​ទេសតួកកី បានបើកស្ថានឯកអគ្គរដ្ឋទូតរបស់ខ្លួន នៅរាជធានីភ្នំពេញ កាលបីឆ្នាំ២០១៣កន្លង​ទៅ។

ក្នុងជំនួបទល់មុខគ្នានោះដែរ សម្តេចតេជោ និងឯកឧត្តមប្រធានសភាតួកគី បានធ្វើការ​ពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ទៅលើការជំរុញទំនាក់ទំនងលើវិស័យការទូត ការផ្លាស់ប្តូរយោ​បល់ទៅលើការជំរុញទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគទេសចរណ៍ និងវិស័យផ្សេងៗទៀត ក្នុង​នោះ រួមទាំងការជំរុញឲ្យមានការហោះហើរត្រង់ពីតួកគី មកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញកំណើនទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមប្រធានសភាតួកគី ក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅកាន់បញ្ហាទ្វេភាគី បញ្ហាពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ពិសេសការបង្កើនជំនឿទុកចិត្តនិងជួយគ្នាទៅវិញទៅមកទាំងក្នុងក្របខណ្ឌទ្វេ ភាគី ពហុភាគី តំបន់ និងអន្តរជាតិ ដែលផ្តល់នូវផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។

សម្តេចតេ ជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ទៅកាន់ ឯកឧត្តមប្រធានសភាដែរថា សម្តេចតែងតែចង់មកកាន់ ប្រទេសតួកគីនេះជាយូរមកហើយ ព្រោះថាតួកគីគឺជាដែនដី នៃការតភ្ជាប់ទ្វីបអាស៊ី និងទ្វីបអឺរ៉ុប និងបានចាត់ទុកថា នេះគឺជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្រ្ត និងជាលើកដំបូងបំផុត ក្នុងប្រវត្តិសាស្រ្ត នៃមេដឹកនាំកម្ពុជាដំបូងគេ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចការងារ នៅសាធារណរដ្ឋ តួកគី។

ក្នុងជំនួបពិភាក្សាការងារនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមប្រធានសភាតួកគី បានធ្វើការផ្លាស់ប្តូរទស្សនៈគ្នា ក្នុងការជំរុញឲ្យមានការផ្លាស់ប្តូរនូវដំណើរទស្សនកិច្ច ពីគ្រប់កម្រិតទាំងអស់ នៃប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំង​ពីរកាន់តែមានកម្រិតខ្ពស់ថែមទៀត។ បន្ទាប់ពីបានចំណាយពេលនៃជំនួបពិភាក្សាទល់មុខគ្នារួចមក សម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមប្រធានសភាតួកគី បានអញ្ជើញលំហែកាយក្នុងបរិ​វេណ នៃវិមានរដ្ឋាភិបាលក្នុងទីក្រុងអីស្តានប៊ុល ពិសេសការស្រូបយកខ្យល់អាកាសបរិសុទ្ធ មាត់ សមុទ្រមុននិងពិធីទទួលទានអាហារការងារពេលថ្ងៃ។

ឯកឧត្តមប្រធានរដ្ឋសភាតួកគី​ បានមានប្រសា​សន៍សំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជ្រើសរើសយកប្រទេសតួកគីសម្រាប់ដំណើរបំពេញទស្សនកិច្ចការងារជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងរបស់ប្រទេសទាំងពីរ ដែលទើបមានអាយុ២០ឆ្នាំកន្លងមក។ ឯកឧត្តមប្រធានសភាបានឯកភាពទៅនឹងទស្សនៈលើកឡើង របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការជំរុញឲ្យមានការផ្លាស់ប្តូរទស្សនកិច្ចពីគ្រប់កម្រិតទាំងអស់ ក្នុងន័យជំរុញកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឲ្យកាន់តែមានការរីកចម្រើនខ្ពង់ខ្ពស់ ថែមទៀត៕