រាជធានីភ្នំពេញ៖ សិស្សានុសិស្សថ្នាក់ទី១២ នៃសាលាជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ ដែលទទួលបាននិទ្ទេសA និងBក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ២១ សីហា ២០១៨ បានទទួលវត្ថុអនុស្សាវរីយ៍ ដែលនេះជាការលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងសិក្សា និងដើម្បីជំរុញការបណ្ដុះធនធានមនុស្សប្រកបដោយសមត្ថភាពពិតប្រាកដ ចូលរួមចំណែកដល់ការអភិវឌ្ឍប្រទេសកម្ពុជា។
ពិធីចែកវត្ថុអនុស្សាវរីយ៍នេះ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្ដម អឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅសាលប្រជុំនៃសាលាជំនាន់ថ្មីវិទ្យាល័យព្រះស៊ីសុវត្ថិ។ សូមជម្រាបថា សាលាជំនាន់ថ្មី សិស្សដែលទទួលបាននិទ្ទេស A មានចំនួន ៧នាក់ និងនិទ្ទេស B មានចំនួន៦នាក់៕