លោកជំទាវ ហ៊ុន ម៉ាណា បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ក្នុងព្រះវិហារ


ព្រះវិហារ ៖ លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យ និងព្យាបាលជំងឺជូនកងទ័ព, គ្រួសារកងទ័ព និងប្រជាពលរដ្ឋ សរុបចំនួន ១,៤៣២នាក់ដោយឥតគិតថ្លៃ នៅថ្ងៃអាទិត្យ ១២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨។
ពិធីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺនេះ បានប្រព្រឹត្តទៅនៅទីតាំងនៅក្នុងមន្ទីរពេទ្យសម្តេចតេជោ ស្រអែម ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមវេជ្ជសាស្រ្តសម្តេចតេជោ បានមានប្រសាសន៍សំណេះសំណាល និងនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងកម្មវិធីនោះផងដែរ។ លោកជំទាវបន្តថា សម្តេចតែងតែគិតគូរយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។
លោកជំទាវ ហ៊ុន ម៉ាណា បានថ្លែងអំណរគុណអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលបានសម្របសម្រួលពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ឱ្យបានអញ្ជើញមកដល់ទីតាំង ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ។
មុនការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ ក្រុមការងារបានផ្តល់ជូនអាហារសម្រន់នៅពេលព្រឹក មាននំបញ្ចុក នំបុ័ង និងភេសជ្ជៈ ទទួលទានរួមគ្នាយ៉ាងឆ្ងាញ់ពិសារប្រកបដោយភាពស្និទ្ធស្នាលបំផុត។
ក្រុមវេជ្ជសាស្ត្រសម្តេចតេជោ បានផ្តល់ការអប់រំផ្នែកសុខភាពបន្ថែមជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលអញ្ជើញមកទទួលសេវាព្យាបាលសម្រាប់ថ្ងៃនេះ និងចែកជូនវែនតា សម្រាប់លោកយាយ លោកតា ចំនួន ៥០០នាក់,សម្ភារសិក្សាសម្រាប់សិស្សានុសិស្ស, ខោអាវលោកយាយ លោកតា ព្រមទាំងចែកជូនរទេះរុញសម្រាប់ជនពិការចំនួន ១០គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ, កងទ័ព និងគ្រួសារកងទ័ព ដែលបានអញ្ជើញមកទទួលការពិនិត្យ និងព្យាបាលជំងឺ នាពេលនេះសុទ្ធតែបានបង្ហាញនូវភាពសប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ សូមឱ្យមានសុខភាពល្អបរិបូណ៍។

សូមបញ្ជាក់ថា : កម្មវិធីក្រុមវេជ្ជាសាស្ត្រសម្តេចតេជោ បានចុះពិនិត្យ ពិគ្រោះ ព្យាបាលជំងឺដោយឥតគិតថ្លៃនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃជាច្រើនគោលដៅរួចមកហើយ នេះគឺជាការរួមចំណែកកាត់បន្ថយលើការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ និងគ្រួសារកងទ័ព បានច្រើនសម្រាប់ការថែទាំសុខភាពប្រចាំថ្ងៃ។