លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតី ក្នុងកិច្ច​ប្រជុំបូកសរុបការងារ និងការរៀបចំវេទិកាសាធារណៈ ប្រចាំឆមាសទី១ និងទិសដៅអនុវត្តបន្ត នៅខេត្តស្វាយរៀង ​


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង បានអញ្ជើញជាអធិបតី ក្នុងកិច្ច​ប្រជុំបូកសរុបការងារ និងការរៀបចំវេទិកាសាធារណៈ ប្រចាំឆមាស ទី១ និងទិសដៅអនុវត្តឆ្នាំ២០១៨ ​របស់​ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ​ និង គាំទ្រការអនុវត្ត​កម្មវិធីនយោបាយ​ និងយុទ្ធសាស្ត្រចតុកោណ​ដំណាក់កាលទី៣ និងត្រៀមចូលរួម គាំទ្រក្នុងការអនុវត្ត នូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល នាព្រឹកថ្ងៃច័ន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែ តុលា ឆ្នាំ ២០១៨ នៅសាលប្រជុំខេត្តស្វាយរៀង។

លោកជំទាវក៏បានថ្លែងនូវការកោតសរសើរដល់អស់លោក លោកស្រី ដែលបានចុះផ្ទាល់តាម មូលដ្ឋាន និងបានយកអស់ពីស្មារតី កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ច និង​ជួយ​គាំទ្រយ៉ាង​សកម្មគ្រប់សកម្មភាពរួមចំណែកតាមដានការអនុវត្តកម្មវិធីនយោបាយ​ និងយុទ្ធសាស្ត្រចតុកោណ​ដំណាក់កាលទី ៤ របស់​​រាជរដ្ឋាភិបាល និង​រួមចំណែក​ជួយខេត្តស្វាយរៀង​ទទួលបានជោគ​ជ័យ​​​ រាល់ភារកិច្ចជាបន្តបន្ទាប់ ពិសេស ការធានាស្ថិរភាពនយោបាយ សន្តិសុខ និង​សណ្តាប់​​​​ធ្នាប់​សាធារណៈ ដែលបាន​បង្កលក្ខណៈងាយស្រួល ដល់​ការអភិវឌ្ឍ​លើគ្រប់វិស័យ​​។

លោកជំទាវបានថ្លែងបញ្ជាក់ថាដើម្បីអោយការងាររលូនទៅមុខ នៅអាណត្តិទី៦នេះ ក្រុមការងារ ត្រូវ​ជួបប្រាស្រ័យទាក់ទង ដោយផ្ទាល់ជាមួយប្រជាជននៅមូលដ្ឋាន ដោយ​ក្តាប់​​ឲ្យបាន ច្បាស់លាស់រាល់សំណូមពរ ធ្វើនូវអំពើល្អ សិក្សាពីឬសគល់នៃបញ្ហា ការប្រឈម និងការលំបាក របស់ប្រជាជនទូទៅ និង​រិះរកគ្រប់មធ្យោបាយ​ជួយសម្រួល និងដោះស្រាយ ឲ្យបានទាន់ពេល​វេលាប្រកប​​ដោយ​ប្រសិទ្ធភាព ​ដើម្បីផ្តល់​​ភាពកក់ក្តៅ និងការជឿរ​ជាក់លើរាជរដ្ឋាភិបាល ត្រូវ​តាមដានស្តាប់ប្រសាសន៍ សុន្ទរកថារបស់​ថ្នាក់ដឹកនាំជាន់ខ្ពស់ ពិសេសសម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីធ្វើជាទុនចំណេះដឹង និងធ្វើជាមូលដ្ឋាន ដើម្បីឆ្លើយបំភ្លឺ​ដល់ប្រជាពលរដ្ឋ និងធ្វើប្រតិកម្ម​រហ័ស​​​វាយបកភ្លាម​ៗ​ រាល់​ឧបាយកលញុះញង់ បោកបញ្ឆោតរបស់ក្រុមប្រឆាំង និងចូលរួមផ្សព្វផ្សាយ​អំពីសមិទ្ធិផល និងស្នាដៃរបស់​រាជរដ្ឋា​ភិបាល និងថ្នាក់ដឹកនាំ ជាពិសេសសម្តេចនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ក្នុងវិស័យនយោបាយ ការទូត ទំនាក់ទំនងអន្តរជាតិ សេដ្ឋកិច្ច សង្គមកិច្ច និងការងារ​កំណែទម្រង់របស់​រាជរដ្ឋាភិបាល ពិសេសកំណែ​ទម្រង់​វិមជ្ឈការ និង​វិសហ​មជ្ឈការ។

លោកជំទាវបានបន្ថែមទៀតថា ត្រូវបង្កើនចំណេះ ផ្នែកបច្ចេកវីទ្យាព័ត៌មាន IT ជាពិសេសត្រូវ​ចេះប្រើ​មធ្យោបាយ​បណ្តាញសង្គមដោយប្រុងប្រយ័ត្ន និងដោយការត្រិះរិះពិចារណា ដោយសារបច្ចុប្បន្ននេះ ការប្រើប្រាស់​​​ទំនាក់ទំនង​តាម Facebook, Email, Line, WhatsApp និង Telegram ជាដើម ដែលសុទ្ធសឹង​ជាមធ្យោបាយទំនាក់ទំនង​ កំពុងពេញនិយម និងឆាប់រហ័ស។
ត្រូវជួយចែករំលែកសកម្មភាពរបស់សម្តេចតេជោ​ ​តាម Facebook ឱ្យ​បានច្រើនបំផុតដូចដែលអាចធ្វើបាន៕