ជំនួយ $១៧.៦លានរបស់ជប៉ុន នឹងជួយសម្អាតមីនលើផ្ទៃដី៨ពាន់ហិចតា រំដោះផលប៉ះពាល់ពលរដ្ឋជាង៤.៥ម៉ឺនគ្រួសារ


mine-action-28-09-16-2
(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) បានបញ្ជាក់នៅលើ Facebook ផ្លូវការរបស់លោកថា នៅថ្ងៃ២៧ ខែកញ្ញា ឆ្នាំ០១៦ ត្រូវនឹងវេនទី១១ នៃបុណ្យភ្ជុំបិណ្ឌ មានដំណឹងល្អរីករាយដោយរដ្ឋាភិបាលជប៉ុន បានសំរេចផ្តល់ជំនួយ ជាផ្លូវការចំនួន១,៨១០លានយ៉េន ប្រមាណ១៧.៦លានដុល្លាអាមេរិក។
លោកបញ្ជាក់ថា ពិធីចុះហត្ថលេខាបានប្រព្រឹតិ្ត ទៅនៅទីស្តីកាក្រសួងការបរទេស និងសហប្រតិបតិ្តការអន្តរជាតិ ដោយចុះហត្ថលេខា រវាងលោក ឡុង វិសាលោ រដ្ឋមន្ត្រីសី្តទី តំណាងរាជរដ្ឋាភិបាល និង លោក ឯកអគ្គរដ្ឋទូតជប៉ុន តំណាងឲ្យរដ្ឋាភិបាលជប៉ុន។
លោក ហេង រតនា បានឲ្យដឹងទៀតថា លិខិតប្តូរសារនេះ សំរាប់គាំទ្រគំរោងសមាហរណកម្មការបោសសំអាតមីន និងសង្គ្រោះជនពិការដោយសារមីន សំរាប់រយៈពេល៣ឆ្នាំ (វិចិ្ឆកា ២០១៦ ដល់ ខែតុលា ២០១៧) នៅស្រុកគោលដៅចំនួន៤ ស្រុកបរវេល រតនមណ្ឌល បាណន់ និងស្រុកសំឡូត ហើយក្នុងគំរោងនេះ រាជរដ្ឋាភិបាលក៏សំរេចផ្តល់ថវិកា១.២លានដុល្លាអាមេរិក ដែលជាថវិកាបដិភាគរាជរដ្ឋាភិបាល រួមចំណែកជាមួយថវិកាជំនួយជប៉ុន ដូចនេះសរុបថវិកាគំរោងស្មើនឹងជាង១៨,៨លានដុល្លាសហរដ្ឋអាមេរិក។
លោកបន្តថា គំរោងនេះផ្តោតលើការងារសំខាន់ៗចំនួន៣គឺ១.) ការបោសំអាតគ្រាប់មីនលើផ្ទៃដីចំនួនជាង ៨,០០០ហិចតា ដែលជួយរំដោះផលប៉ះពាល់ ចំពោះប្រជាជនមានចំនួនជាង ៤៥,២០០គ្រួសារដែលរស់នៅក្នុងនិងក្បែរៗតំបន់ចំការមីនទាំងនោះ។ ២.) សកម្មភាពគាំទ្រជនពិការ ដោយសារមីនតាមរយៈការអភិវឌ្ឍន៍ជនបទ ដោយការកសាងផ្លូវលំ ជីកស្រះទឹកនិងការហ្វឹកហ្វឺន មុខរបរខ្នាតតូចៗជាដើម។ ៣.) ទិញគ្រឿងចក្រកំទេចគ្រាប់មីន និងគ្រឿងបន្លាស់គាំទ្រ កិច្ចប្រតិបតិ្តការកំចាត់មីន។
លោកអគ្គនាយក បន្ថែមទៀតថា «គំរោងនេះ នឹងគាំទ្រដល់អ្នកដោះមីនជាង៥០០នាក់ សំរាប់រយៈពេល៣ឆ្នាំ ដែលកិច្ចប្រតិបតិ្តការ នៃគំរោងនេះអាចរំដោះផ្ទៃដីចំការមីន ប្រមាណ៤០%នៃចំនួនផ្ទៃបញ្ហាគ្រាប់មីន សរុបមាននៅក្នុងភូមិសាស្ត្រស្រុកទាំង៤នេះ»
សូមរំលឹកថា ក្នុងឆ្នាំ២០១៦នេះ ស៉ីម៉ាក់បានទទួលថវិកាពីរដ្ឋាភិបាលជប៉ុន ចំនួន២គំរោងមកហើយ ក្នុងនោះមានគំរោងគាំទ្រសំភារៈបច្ចេកទេសរួមមានរថយន្តចំនួន៨៨គ្រឿង ម៉ាស៉ីនរាវមីនចំនួន៧៨០គ្រឿង គ្រឿងចក្រកំទេចមីនចំនួន៩គ្រឿង និងអាវក្រោះសុវតិ្ថភាពចំនួន៤៥០កំប្លេរ សរុបថវិកាជាង១,២៥០លានយ៉េនប្រមាណ១២លានដុល្លាអាមេរិក ហើយសំភារៈនឹងមកដល់កម្ពុជា នៅក្នុងចុងឆ្នាំ២០១៦ និងពាក់កណ្តាលឆ្នាំ២០១៧ខាងមុខនេះ។ ដូចនេះសរុបថវិកាជំនួយទាំង៣គំរោង (ជាសំភារៈ ជាថវិកាប្រតិបតិ្តការរយៈពេល១ឆ្នាំមួយគំរោង និង៣ឆ្នាំមួយគំរោង) សរុបមានចំនួនជាង៣,១០០លានយ៉េន ប្រមាណជាង៣០លានដុល្លាអាមេរិក។
លោក ហេង រតនា បានបញ្ជាក់ទៀតថា «ក្នុងនាមប្រជាពលដ្ឋក្នុងមូលដ្ឋាន អ្នកដោះមីន និងមន្ត្រីស៉ីម៉ាក់ទាំងអស់សូម សំដែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះប្រជាជននិងរដ្ឋាភិបាលជប៉ុន ដែលបន្តផ្តល់ជំនួយជូនរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ការគាំទ្រមកស៉ីម៉ាក់ និងសូមអរគុណជាអនេកចំពោះសម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ដែលបានគាំទ្រយ៉ាងពេញទំហឹង និងជួយស្នើសុំរដ្ឋាភិបាលជប៉ុន ឲ្យជួយផ្តល់ជំនួយមកស៉ីម៉ាក់ ដើម្បីជួយសង្គ្រោះអាយុជីវិត ប្រជាពលរដ្ឋ និងផ្តល់សុខសុវតិ្ថភាព ជាពិសេសចំពោះកសិករ ដែលកំពុងរងការគំរាមកំហែង ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម»
សូមជម្រាបថាក្រសួងការបរទេសកម្ពុជា និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅម៉ោង៣៖៣០រសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចុះហត្ថលេខាជាមួយភាគីជប៉ុន លើលិខិតប្តូរសារ និងកំណត់ហេតុនៃការពិភាក្សា ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់សរុបចំនួន ៣,២០៦លានយ៉េន (ប្រមាណជា ៣១.៩៣លានដុល្លារសហរដ្ឋអាមេរិក)។
ពិធីចុះហត្ថលេខានារសៀលនេះ នឹងធ្វើឡើងនៅទីស្តីការក្រសួងការបរទេស រវាង លោក ឡុង វីសាលោ រដ្ឋលេខាធិការ និងជារដ្ឋមន្រ្តីស្តីទីនៃក្រសួងការបរទេសកម្ពុជា ជាមួយ លោក យូជី គូម៉ា ម៉ារូ ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា។
ជំនួយជប៉ុនផ្តល់ជូនដល់កម្ពុជានាពេលនេះ ធ្វើឡើងដើម្បីជួយលើការអនុវត្តគម្រោងចំនួន ២រួមមាន គម្រោងទី១ លើសមាហរណកម្មបោសសម្អាតមីន និងសង្រ្គោះជនពិការ ដោយសារមីនដំណាក់កាលទី៣។ ចំណែក គម្រោងទី២ ធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពដឹកជញ្ជូន របស់រថយន្តក្រុងក្នុងរាជធានីភ្នំពេញ៕
mine-action-28-09-16-3
mine-action-28-09-16-4
mine-action-28-09-16-5
mine-action-28-09-16-6
mine-action-28-09-16-7