រាជធានីភ្នំពេញ៖ ការបោះជំរុំយុវជនសាកលលើកទី៥ ក្រោមប្រធានបទ “សុបិនខ្ញុំ” ត្រូវបានរៀបចំឡើងក្នុងគោលដៅផ្ដល់ឱកាសដល់យុវជនទទួលបានបទពិសោធន៍បន្ថែមតាមរយៈការអនុវត្តជាក់ស្តែងនៅក្នុងសហគមន៍ និងសង្គម ការស្តាប់បឋកថាដោយវាគ្មិនដែលជាអ្នកជំនាញ និងអ្នកដឹកនាំធុរកិច្ច ព្រមទាំងមានឱកាសជួបជាមួយថ្នាក់ដឹកនាំក្នុងជួររាជរដ្ឋាភិបាល ដើម្បីឱ្យយុវជនអាចផ្លាស់ប្តូរពីយុវជនធម្មតាទៅជាយុវជនប្រកបដោយសមត្ថភាព។
ពិធីបើកការបោះជំរុំយុវជន ត្រូវបានរៀបចំឡើងក្រោមអធីបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដមឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគារកាណាឌីយ៉ា នាព្រឹកថ្ងៃពុធ ១៥ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ការបោះជំរុំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ និងខេត្តសៀមរាប៕