ក្រុមហ៊ុន​ចិន​៤​ វិនិយោគ​ទឹកប្រាក់​ជិត​៣០​លាន​ដុល្លារ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ


ក្រុមហ៊ុន​ចិន​ចំនួន​៤ គ្រោង​វិនិយោគ​ទឹកប្រាក់​ជិត​៣០​លាន​ដុល្លារ​​អាមេរិក​ ដើម្បី​បង្កើត​រោងចក្រ​ផលិត​ក្តារ​ប៉ា​កេ ក្តារបន្ទះ ​និង​គ្រឿង​សង្ហារិម និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប និង​វ៉ាលិស នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដែល​ភ្នាក់ងារ​ព័ត៌មាន​BTV ទើប​ទទួល​បាន​ នា​ព្រឹក​ថ្ងៃទី​២៤ តុលា​នេះ​ បាន​បង្ហាញ​ឲ្យ​ដឹងថា ​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​ឯកជន ​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ ​ចុះបញ្ជី​ជា​ស្ថាពរ​ ជូន​ដល់​ក្រុមហ៊ុន​វិនិយោគ លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារ​ប៉ា​កេ ក្តារបន្ទះ​ គ្រឿង​សង្ហារិម និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប ​និង​វ៉ាលិស ផ្សេងៗ​គ្នា​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ ក្នុង​ខេត្ត​ព្រះសីហនុ​ ដែល​ត្រូវការ​កម្លាំង​​ពលកម្ម​ថ្មី​ បម្រើ​ការងារ​ក្នុង​វិស័យ​នេះ ​ប្រមាណ​ជាង​១២០០​កន្លែង​។

ក្រុមហ៊ុន​ដែល​ទទួល​បាន​វិញ្ញាបនបត្រ ​ចុះបញ្ជី​ជា​ស្ថាពរ នៅលើ​គម្រោង​វិនិយោគ​នេះ ក្នុងនោះ​ក្រុមហ៊ុន​ចំនួន​៣ រួមមាន​ក្រុមហ៊ុន “INVISTA DECOR CO.,LTD” ក្រុមហ៊ុន “CAMBODIAN TROPIC FLOORING CO.,LTD” និង​ក្រុមហ៊ុន “COUGAR WOOD INDUSTRY CO.,LTD” គ្រោង​បង្កើត​រោងចក្រ​ផលិត​ក្តារ​ប៉ា​កេ ក្តារបន្ទះ ​និង​គ្រឿង​សង្ហា​រឹម មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ ​ខេត្ត​ព្រះសីហនុ ដោយមាន​ទុន​វិនិយោគ​សរុប​ចំនួន​ជិត​២៣​លាន​ដុល្លារ​អាមេរិក ​និង​ត្រូវការ​កំលាំង​ពលកម្ម​ថ្មី សម្រាប់​ធ្វើការ​ក្នុង​វិស័យនេះ​ ជិត ១​ពាន់​កន្លែង​។

ចំណែក​ក្រុមហ៊ុន “GLORY ALLIANCE (CAMBODIA) CO.,LTD” គ្រោង​បង្កើត​រោងចក្រ​ផលិត កាបូប និង​វ៉ាលិស មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ​ខេត្ត​ព្រះសីហនុ​ដូចគ្នា ក្រុមហ៊ុន​នេះ​មាន​ទុន​វិនិយោគ​ប្រមាណ ៥,៦៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​៣៨០​កន្លែង​ផងដែរ​៕