សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អនុញ្ញាតឲ្យលោកជំទាវ ជុង ធី ម៉ាយ (Trong Thi Mai) ចូលជួបសម្តែងការគួរសម


នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យលោកជំទាវ ជុង ធី ម៉ាយ (Trong Thi Mai) សមាជិកការិយាល័យនយោបាយលេខាមជ្ឈឹមបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម នៅវិមានរដ្ឋសភាក្នុងឱកាសលោកជំទាវដឹកនាំគណប្រតិភូអញ្ជើញបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតំលៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកជំទាវ និងគណៈប្រតិភូ នាពេលនេះ ថាពិតជាបានរួមចំណែកក្នុងការបន្តពូនជ្រុំនូវចំណងទំនាក់ទំនង មិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសរវាង បក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសយើងទំាងពីរកម្ពុជា-វៀតណាម កាន់តែរឹងមាំខ្លាំងក្លាទ្វេដងថែមទៀត ។

ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន សូមគាំទ្រចំពោះកិច្ចសហប្រតិបត្តិការ រវាងគណៈចលនាមហាជននៃប្រទេសទំាងពីរ និងសូមលើកទឹកចិត្ត ជួយជម្រុញ និងលើកកម្ពស់កិច្ចសហការនេះឲ្យកាន់តែសកម្មនិងខ្លាំងក្លាថែមទៀត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញ ទៅមកឲ្យបានកាន់តែច្រើនដើម្បីជាឧត្តមប្រយោជន៌របស់ប្រជាជន នៃប្រទេសយើងទាំងពីរ៕