ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង ដឹកនាំប្រតិភូ ចូលរួមពិពរណ៌ចិន-អាស៊ាន ឆ្នាំ២០១៨ នៅទីក្រុងគួយលីង ប្រទេសចិន


ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប នៅថ្ងៃទី២៥ ដល់២៩ ខែតុលា ឆ្នាំ២០១៨នេះ ដឹកនាំមន្ដ្រីរាជការ ចូលរួមពិពរណ៌ចិន-អាស៊ាន ឆ្នាំ២០១៨ នៅទីក្រុងគួយលីង ប្រទេសចិន។

ឆ្លៀតក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លេខាបក្សក្រុងគួយលីង និងអភិបាលក្រុងគួយលីងផងដែរ។

លោកអភិបាលខេត្តសៀមរាប បានស្នើដល់ក្រុងគួយលីង ឲ្យជួយស្ថាបនាផ្លូវមួយខ្សែ និងរថយន្ដសម្អាតផ្លូវ២គ្រឿង ព្រមទាំងរថយន្ដបាញ់ទឹកលាងផ្លូវ​មួយគ្រឿង។

ទន្ទឹមនឹងនេះ រដ្ឋបាលក្រុងគួយលីង ក៏បានទទួលសំណើររបស់លោកអភិបាលខេត្តសៀមរាប និងសន្យាពិនិត្យលទ្ធភាពជំនួយផ្លូវ ដែលដាក់ឈ្មោះថា «ផ្លូវមិត្តភាពគួយលីង-សៀមរាប» នេះ។

ដោយឡែករថយន្ដ៣គ្រឿងនោះ រដ្ឋបាលក្រុងគួយលីង នឹងផ្ដល់ជូនតាមសំណើររបស់លោក ឃឹម ប៊ុនសុង ខណៈដែលផ្លូវអភិបាលក្រុងគួយលីង នឹងដាក់សំណើរទៅថ្នាក់លើបន្ដទៀត៕