បច្ច័យជិត២០លានរៀល ប្រមូលបានមកពីអង្គកឋិនទានសាមគ្គីរបស់ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី ដង្ហែរទៅកាន់វត្តសែនមនោរម្យ


មណ្ឌលគិរីះ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការជុំវិញខេត្ត និងប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី បានមូលមតិគ្នាជាឯកច្ឆ័ន្ទផ្តួចផ្តើមធ្វើអង្គកឋិនទានសាមគ្គី ដើម្បីដង្ហែរទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា វត្តសែនមនោរម្យ ដើម្បីរៃបច្ច័យសម្រាប់កសាងកុដ១ខ្នង ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ក្នុងពិធីបុណ្យអង្គកឋិនទានសាមគ្គី នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ ដឹកនាំដោយឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្តមណ្ឌលគិរី រួមទាំងមន្រ្តីរាជការក្រោមឱវាទ និងប្រជាពលរដ្ឋក្នុងខេត្ត ដែលប្រព្រឹត្តទៅនៅសួនច្បារក្រុងសែនមនោរម្យ ដើម្បីធ្វើពិធីដង្ហែរអង្គកឋិនទាន ទៅកាន់វត្តសែនមនោរម្យ និងប្រទក្សិណ ៣ជុំព្រះវិហារ។

ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា ការរៀបចំបុណ្យអង្គកឋិនទានសាមគ្គីនេះ ប្រមូលបានបច្ច័យសរុបចំនួន១៨,៩១០,០០០រៀល ដោយឡែក ថវិកាសម្រាប់កសាងកុដក្នុងវត្តសែនមនោរម្យ ចំនួន១១,១៥០,០០០រៀល ក្រៅពីនោះ គឺរៀបចំពិធីបុណ្យ និងប្រគេនព្រះសង្ឃផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ព្រមទាំងពុទ្ធបរិស័ទទាំងអស់ ដែលបានរូបរួមគ្នាផ្តួចផ្តើមធ្វើបុណ្យអង្គកឋិនទាននេះឡើង ដើម្បីប្រមូលបច្ច័យយកទៅកសាងកុដមួយដែលមានកំពស់២ជាន់ ទំហំបណ្តោយ១៧,៣០ម៉ែត្រ គុណ១២,៨០ម៉ែត្រ ក្នុងវត្តសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ។

ឯកឧត្តម បានបន្ថែមថា ការធ្វើបុណ្យអង្គកឋិនទានសាមគ្គីនេះជា ការរួមចំណែកមួយក្នុងការលើកស្ទួយ ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ បើទោះបីជាបច្ច័យទាំងនេះនៅមានកម្រិតនៅឡើយ ក៏ជាការបង្ហាញ អោយកូនចៅជំនាន់ក្រោយ មើលឃើញនូវការប្រារព្ធពិធីពុទ្ធសាសនា ដែលជាទំនៀមទំលាប់ព្រៃណីដ៏ល្អរបស់ខ្មែរយើង ។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានប្រសិទ្ធិពរជយ័ដល់មន្ត្រីរាជការ ពុទ្ធបរិស័ទ ដែលបានចូលបច្ច័យតាមសទ្ធាជ្រះថ្លា ចូលរួមថវិកា ក្នុងអង្គកឋិនទាន ដើម្បីចូលរួមកសាងសមិទ្ធផលនានា នៅវត្តសែនមនោរម្យ ដើម្បីតម្កល់ មហាកុសលផលបុណ្យទៅអនាគតជាតិ ពិសេសសូមឲ្យវត្ថុសក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាប្រមុខដឹកនាំប្រទេស និងប្រជាជនខ្មែរទូទាំងប្រទេសជួបតែសុខសន្តិភាព និងមានការអភិវឌ្ឍជានិរន្តផងដែរ៕