ថ្ងៃអង្គារ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធី បើកសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍សិក្សាផែនការមេភស្តុភារកម្មនៅកម្ពុជា ដោយមានការចូល រួមពីតំណាងអង្គការJICA ធនាគារពិភពលោក ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ។
សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយរបាយការណ៍សិក្សាផែនការមេភស្តុភារកម្មនៅកម្ពុជា ដែល សិក្សាដោយក្រសួងសាធាណរការ និងដឹកជញ្ជូន និងអង្គការJICA ជូនក្រសួងពាក់ព័ន្ធ និងដៃគូ អភិវឌ្ឍន៍ និងដើម្បីបញ្ចូលរបាយការណ៍សិក្សាទាំងនោះឱ្យស្ថិតនៅក្រោមឆ័ត្រតែមួយក្នុងវិស័យដឹកជញ្ជូន និងការ អភិវឌ្ឍផែនការមេថ្នាក់ជាតិ។
ថ្លែងទៅកាន់អង្គពិធី ឯកឧត្ដមទេសរដ្ឋមន្ត្រីបានបង្ហាញពីចក្ខុវិស័យវែងឆ្ងាយចំពោះអត្ថប្រយោជន៍នៃ ផែនការមេភស្តុភារកម្ម ពោលគឺ តាមរយៈផែនការមេភស្តុភារកម្មនេះ និងភូមិសាស្ត្រនៃ ប្រទេសកម្ពុជា ស្ថិតនៅចំណុចកណ្ដាលនៃប្រទេសក្នុងតំបន់មេគង្គ និងតំបន់អាស៊ាន កម្ពុជាអាចទាញយកអត្ថ ប្រយោជន៍បានយ៉ាងច្រើនពីវិស័យដឹកជញ្ជូន។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ គម្រោងសាងសង់ និងការធ្វើ ទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវដែក និងការសាងសង់កំពង់ផែកុងទីន័រនៅ ខេត្តព្រះសីហនុគឺដើម្បីឆ្លើយតបទៅនឹងការកើនឡើងវិស័យដឹកជញ្ជូនក្នុងស្រុក និងត្រៀមខ្លូនដើម្បីបម្រើ ការដឹកជញ្ជូនឆ្លងប្រទេសរបស់ប្រទេសក្នុងតំបន់ផងដែរ។
ជាទីបញ្ចប់ឯកឧត្ដមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការJICA និងធនាគារពិភពលោក ដែលបានប្រើគ្រប់មធ្យោបាយ និងអស់ពីសមត្ថភាពដើម្បីសិក្សាពីផែនការមេ ភស្តុភារកម្មនេះឱ្យទទួលបានជោគជ័យខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ទាំងអស់ដែលបានប្រឹងអស់ពីលទ្ធភាពជំរុញឱ្យការសិក្សានេះទទួលបានលទ្ធផលខ្ពស់។