ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ ក្នុងសៀមប៉ាង


នាព្រឹកអង្គារ ៦រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ចំនួន៥១៧គ្រួសារ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

នៅក្នុងឱកាសចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌នេះ ឯកឧត្តមអភិបាលខេត្តបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់នៅស្រុកសៀមប៉ាងទាំងអស់។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយមិនឲ្យប៉ះពាល់ដល់អាយុជីវិតបងប្អូនណាម្នាក់ឡើយ។ ជាក់ស្តែងក្នុងកំឡុងពេលគ្រោះទឹកជនន់ អាជ្ញាធរខេត្តបានដាក់ចេញនូវផែនការសរុប និងប្រើប្រាស់ធម្យោបាយសរុប កម្លាំងសរុប ដើម្បីជម្លៀសបងប្អូនប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព និងបញ្ជូនសម្ភារៈប្រើប្រាស់ តង់ មុងជ្រលក់ថ្នាំការពារមូស ឱសថ កានទឹក ក្រុមគ្រូពេទ្យប្រចាំការ និងស្បៀងអាហារ ជូនបងប្អូនដែលកំពុងនៅទីទួលសុវត្ថិភាព។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណអង្គការការីសតាសកម្ពុជា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលដោយផ្តល់ជាអំណោយមនុស្សធម៌ដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នៅស្រុកសៀមប៉ាងទាំងអស់។ អំណោយមនុស្សធម៌របស់អង្គការការីសតាសកម្ពុជា ត្រូវបានចែកជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះចំនួន ៥១៧គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស និងតង់ចំនួន១។