អបអរសាទរ! ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៨-២០១៩


នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ឋិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៨-២០១៩ ដែលរៀបចំឡើងនៅអនុវិទ្យាល័យថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំខេត្ត កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមប្រឹក្សានិងគណៈអភិបាលស្រុកថាឡាបរិវ៉ាត់ មន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស និងសិស្សានុសិស្ស សរុបចំនួន១០៣៣នាក់។

ថ្លែងទៅកាន់លោកគ្រូ អ្នកគ្រូ ក៏ដូចជាសិស្សានុសិស្ស ក្នុងឱកាសថ្ងៃបើកបវេសនកាលឆ្នាំសិក្សា២០១៨-២០១៩ នេះ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយទៅជាពលរដ្ឋល្អ និងជាធនធានមនុស្សដ៏ល្អរបស់សង្គមជាតិ ហើយជាពិសេសត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដែលនាំឲ្យខូចអនាគតខ្លួនឯង និងបាត់បង់កិត្តិយសគ្រួសារ។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនសិស្សានុសិស្សចំនួន១០០០នាក់ ដោយក្នុងម្នាក់ៗទទួលបាន សៀវភៅ២ក្បាល និងប៉ិច២ដើម៕