ភ្នំពេញ ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦–ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោនាយករដ្ឋមន្រ្ដី បានអំពាវនាវសា ជាថ្មីម្ដងទៀត ចំពោះប្រជាពលរដ្ឋ ដែលមិនទាន់បានទៅចុះឈ្មោះបោះឆ្នោត ត្រូវអញ្ជើញ ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតថ្មី ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរៀបចំ ដំណើរការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធ កុំព្យួទ័រ។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យឯកទេសនៃកម្ពុជា នាព្រឹកថ្ងៃ ទី០៣ ខែតុលា ឆ្នាំ២០១៦ នៅសាលមហោស្រពពិព័រណ៍កោះពេជ្រ សម្ដេចអគ្គមហោសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌរួចហើយ ចំពោះប្រជាពលរដ្ឋដែលមិនទាន់បានទៅចុះឈ្មោះបោះ ឆ្នោតសូមអញ្ជើញទៅចុះឈ្មោះបោះ ឆ្នោតឱ្យបានគ្រប់ៗគ្នា ស្របតាមការអំពាវនាវរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាននិងកំពុងជំរុញដល់ ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិចុះឈ្មោះបោះឆ្នោត ឱ្យទៅចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមសាលាឃុំ សង្កាត់ ទូទាំងប្រទេស។
ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះថា ក្នុងរយៈពេលជាងមួយខែ គិតចាប់ ពីថ្ងៃទី០១ ខែកញ្ញា ដល់ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦នេះ គ.ជ.ប បានចុះឈ្មោះអ្នកបោះឆ្នោត សរុបប្រមាណជាង៤លាននាក់។ ឯកឧត្តមបានបន្ដថា ដោយឡែក ក្នុងរយៈពេលមួយ ថ្ងៃគឺថ្ងៃទី០២ ខែតុលា នៃថ្ងៃឈប់សម្រាក់ពិធីបុណ្យ ភ្ជុំបិណ្ឌ គ.ជ.ប បានបន្ដចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋសរុប១៦០០១៦នាក់ ដែលភាគច្រើន បងប្អូនកម្មករ កម្មការិនី ដែលត្រូវឈប់សម្រាក និងបានមកលេងស្រុកកំណើតក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌនេះ។
ឯកឧត្តមបានវាយតម្លៃថា គិតរហូតមកដល់ពេលនេះ ចំនួនប្រជាពលរដ្ឋ ដែលបានមកចុះ ឈ្មោះបោះឆ្នោត គឺមានប្រមាណជាង៤០ភាគរយ ហើយតាមការរំពឹងទុក គ.ជ.ប នឹងបន្ដការចុះឈ្មោះ ប្រជាពលរដ្ឋឱ្យបានគ្រប់ចំនួនទៅតាមការកំណត់ក្នុង ចំណោមប្រជាពលរដ្ឋសរុប៩,៦លាននាក់ដែល មានអាយុចាប់ពី១៨ឆ្នាំឡើង និងមានសិទ្ធិចុះឈ្មោះបោះឆ្នោត។
ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ ត្រូវចូលរួមជួយ ផ្សព្វផ្សាយបន្ដដល់ក្រុមគ្រួសារ បងប្អូន និងមិត្ដភក្តិបន្ថែមទៀត ហើយចំពោះអ្នកដែលមិនទាន់បាន ចុះឈ្មោះ សូមមកចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា នៅតាមសាលា ឃុំ សង្កាត់៕