គណៈប្រតិភូ​ គណៈកម្មការទី៦ព្រឹទ្ធសភា អញ្ជើញជួបសវនាការ និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តព្រះវិហារ


ព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ គណៈប្រតិភូ​ គណៈកម្មការទី៦ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការ បានអញ្ជើញជួបសវនាការ និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តព្រះវិហារ ដឹកនាំដោយឯកឧត្តម​ អ៊ុន ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពី
អភិបាលរង ប្រធានក្រុមប្រឹក្សាខេត្ត មន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្ត ស្នងការនគរបាល កងរាជអាវុធហត្ថខេត្ត នៅសាលប្រជុំសាលាខេត្តព្រះវិហារ។

សូមបញ្ជាក់ថា គោលបំណងនៃដំណើរបេសកកម្មរបស់គណៈកម្មការទី៦ព្រឹទ្ធសភា នាឱកាសនេះ ដើម្បីសិក្សាឈ្វេងយល់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត លើបញ្ហាការអនុវត្តច្បាប់ និងរបៀបដោះស្រាយទំនាស់ដែលថ្នាក់ស្រុក ក្រុងបញ្ជូនមកថ្នាក់ខេត្ត ការងារផ្សព្វផ្សាយច្បាប់ និងការងារនីតិកម្ម ព្រមទាំងការចូលរួមអនុវត្តក្រមព្រហ្មទណ្ឌ ក្រមនីតិវិធីព្រហ្មទណ្ឌ និងការទប់ស្កាត់បទល្មើសព្រហ្មទណ្ឌ ក្នុងរង្វង់ដែនសមត្ថកិច្ចរបស់ខ្លូន នគរបាល កងរាជអាវុធហត្ថ និងមន្ទីរជំនាញនានាផងដែរ។